ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យបងប្អូនជនរួមជាតិ ចូលរួមផ្សព្វផ្សាយ ចែករំលែក អប់រំ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ក្ដី និងក្នុងបណ្ដាញសង្គមក្ដី ឱ្យបានយល់ដឹងអំពីផលវិបាកដ៏អាក្រក់ កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់ ដែលទីបំផុតក៏ផុងខ្លួនចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្សរបស់ពួកឧក្រិដ្ឋជន។ តាមការកត់សម្គាល់ និងមានបញ្ជាក់ក្នុងរបាយការណ៍ពីមន្រ្តីមានសមត្ថកិច្ចកម្ពុជាផង និងពីស្ថាប័ននៃប្រទេស និងអង្គការពាក់ព័ន្ធនានាផង ថ្មីៗនេះ និន្នាការនៃការអូសទាញស្រ្តីវ័យក្មេងឱ្យឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ ដោយបោកប្រាស់ក្រោមលេសនាំទៅធ្វើការងារល្អ ឬនាំទៅរកស្វាមីដែលបានថ្លៃទឹកដោះ […]
