កម្ពុជា ស្នើហុងគ្រី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា

កម្ពុជា បានស្នើឱ្យហុងគ្រី ពិនិត្យក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសក្តានុពលដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យា និងទេសចរណ៍ ជាដើម ដើម្បីនាំមកនូវផលប្រយោជន៍​ជូនប្រជាពលរដ្ឋទាំងសងខាង។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានបញ្ជាក់ថា សភាកម្ពុជា និងហុងគ្រី នឹងបន្តជំរុញគំនិតផ្តួចផ្តើមនេះឱ្យកាន់តែសកម្ម និងជាក់ស្តែង។ សម្តេចបានអរគុណដល់ប្រទេសហុងគ្រី ដែលបានផ្តួចផ្តើមគំនិតសហប្រតិបត្តិការ Danube–Mekong ដែលមានសារៈសំខាន់ដល់ប្រជាពលរដ្ឋនៅទ្វីបទាំងពីរ ក្នុងការ​ទាញ​យក​ផលប្រយោជន៍ពីទន្លេដ៏ធំ និងមានសក្តានុពលទាំងផ្នែកសេដ្ឋកិច្ច កសិកម្ម និងវប្បធម៌។

ជាមួយគ្នានេះ សម្តេចក៏បានស្នើរដ្ឋាភិបាលហុងគ្រីជួយគាំទ្រកម្មវិធី Software និងជំនាញឯកទេស ដើម្បីលើកកម្ពស់ស្ថាប័នរដ្ឋសភាកម្ពុជា ទៅជាសភាឌីជីថល ដែលបច្ចុប្បន្ននេះកំពុងដំណើរការបានមួយជំហានធំរួចមកហើយ និងបានចាត់ទុក ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី ថា ជាជំហានថ្មីមួយទៀត ដែលបង្ហាញពីលទ្ធផលជាក់ស្តែង នៃការអនុវត្តដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២៥ ដែលនឹងរួម​ចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេស រវាងអគ្គលេខាធិការដ្ឋានទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ នឹងសម្រេចបានលទ្ធផលជាច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ក៏ដូចជាវិស័យជាច្រើនទៀត ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ។

សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រីមកកាន់កម្ពុជានាពេលនេះ កើតចេញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ ទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា–ហុងគ្រី បានឈានដល់ខួបទី៧០ឆ្នាំ ដែលបានឆ្លុះបញ្ចាំងនូវស្មារតីនៃចំណងមិត្តភាពដ៏យូរអង្វែង ប្រកបដោយភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ល្អ៕

5
Promotion