ស្រាយចម្ងល់! ហេតុអ្វីបានជាប្រេងម៉ាស៊ូត ថ្លៃជាងសាំងក្នុងពេលមានវិបត្តិ?

ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺប្រេងសាំងធម្មតា ថ្លៃ ៤៤០០រៀល ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៥១៥០រៀល ក្នុង ១លីត្រ។ នេះបើតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ តម្លៃនេះ នឹងប្រែប្រួលថ្មីបន្ទាប់ពីថ្ងៃទី១០ ខែមីនានេះទៅ។

ហេតុ​អ្វី​បាន​ជា​ប្រេង​ម៉ាស៊ូត​ថ្លៃ​ជាង​សាំង​ក្នុង​ពេល​មានវិបត្តិ? ហេតុ​អ្វី​បាន​ជា​ថ្លៃ​ម៉ាស៊ូត​នាំចូល​មក​ខ្ពស់​ជាង​ថ្លៃ​សាំង? ​

អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា គឺ​មក​ពី​តម្រូវ​ការ​ម៉ាស៊ូត​ពិបាក​កាត់​បន្ថយ​ ខណៈ​តម្រូវ​ការ​សាំងអាច​កាត់​បន្ថយ​បាន​។ បេី​ក្នុង​មុខ​វិទ្យា​សេដ្ឋកិច្ច​គេហៅ​ថា​ តម្រូវ​ការ​មិន​ងាយ​ប្រែប្រួល​តាម​ថ្លៃ​ ដោយសារ​ភាព​ចាំបាច់​នៃ​ទំនិញ​​ (demand inelasticity)។ គេ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឡាន​ទេសចរណ៍​បាន​ ។ គេ​អាច​ផ្អាក​ជិះ​ឡាន​មួយ​រយៈ​ដោយ​ជិះ​ម៉ូតូ​ ជិះ​កង់​ ឬ​ជិះ​ឡាន​ក្រុង​ ក៏​ប៉ុន្ដែ​ការ​បូម​ទឹក​ ភ្ជួរ​ដី​ ច្រូត​ស្រូវ​ ដឹក​ដំឡូង​ ដឹក​ស្វាយ​ ដឹក​ស្វាយ​ចន្ទី​ ដឹក​ស្រូវ​ ដឹក​អង្ករ​នាំ​ចេញ​ ដឹក​ក្រណាត់​ចូល​ ដឹក​សម្លៀក​បំពាក់​នាំ​ចេញ​ ដឹក​ប្រេង​ចែកចាយ​ ដឹក​សម្ភារៈ​សំណង់​ ។ល។ សុទ្ធតែ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត​ និង​បេី​កាត់​បន្ថយ​នាំ​ឱ្យ​មាន​ការ​ខាត​បង់​កាន់តែ​ច្រើន​​ ដូច្នេះ​ហើយ​ តម្រូវ​ការ​ម៉ាស៊ូត​មាន​ភាព​ចាំបាច់​ជាង​សាំង​ ដែល​នាំឱ្យ​ប្រទេស​ជា​ច្រើន​ដណ្ដើម​គ្នា​ទិញ​ម៉ាស៊ូត​។​ ថ្លៃ​ដឹក​ជញ្ជូន​កេីន​ឡើង​ នាំឱ្យ​ថ្លៃ​ទំនិញ​ឧបភោគ​ បរិភោគ​ ​នឹង​កេីន​ឡើង​ រីឯ​អ្នក​លក់​ទំនិញ​នាំចេញ​នឹង​បាន​ចំណូល​តិចជាង​មុន​។ បេី​ខ្វះ​ម៉ាស៊ូត​កាន់តែ​ពិបាក​ខ្លាំង​។

បើតាមលោកបណ្ឌិត ច័ន្ទ សុផល រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្លាំង​ចំពោះ​ប្រេង​ម៉ាស៊ូត​ដែល​ជា​យុទ្ធសាស្ត្រ​នេះ។​ គួរ​មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ការ​ទិញ​ឡាន​ដឹក​ទំនិញ​ដោយ​ប្រើ​ឋាមពល​អគ្គិសនី​ឱ្យ​បានឆាប់​ជាទី​បំផុត​។ បេី​ខ្វះ​ឋាមពល​អគ្គិសនី​ គួរ​បង្កើត​គម្រោង​ ឬ​អនុញ្ញាត​ការ​ប្រើ​ប្រព័ន្ធ​សូឡា​ឱ្យ​បាន​ច្រើន៕

5
Promotion