មកដឹងពីកាតព្វកិច្ចរបស់ស្ថានីយនិងដេប៉ូលក់ប្រេងឥន្ធនៈ ចំពោះអតិថិជននិងស្ថាប័នមានសមត្ថកិច្ច

តាមរយៈសេចក្តីណែនាំ នៅថ្ងៃទី០៩ មីនា ឆ្នាំ២០២៦នេះ ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ​នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់ស្ថានីយ និងដេប៉ូ នៅក្នុងបណ្តាញចែកចាយរបស់ខ្លួន ឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេស និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដើម្បីធានាបាន​នូវតម្លាភា​ពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ ។

លើសពីនេះ ដើម្បីពង្រឹងអនុលោមភាពក្នុងការទិញ-លក់ប្រេងឥន្ធនៈ ក្រុមហ៊ុន ចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ ស្ថានី​យ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ចមួយចំនួន ។ ក្នុងនោះ កាតព្វកិច្ចរបស់ស្ថានីយ និងដេប៉ូចំពោះអតិថិជន គឺត្រូវលក់តាមតម្លៃដែលស្ថានីយ និងដេប៉ូ បានដាក់តាំងបង្ហាញជាសាធារណៈ ដោយយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ,ត្រូវធានាសុក្រឹតភាពនៃគុណភាព និងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន ,ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច ១ថ្ងៃ មកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាម​បណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន និងក្នុងករណីអស់សន្និធិ ត្រូវជូនដំណឹងជាសាធារណៈនូវថ្ងៃដែលមានសន្និធិប្រេងឥន្ធនៈវិញ។

ដោយឡែក កាតព្វកិច្ចរបស់ស្ថានីយ និងដេប៉ូចំពោះស្ថាប័នមានសមត្ថកិច្ច គឺត្រូវធានាតម្លាភាព និងគណនេយ្យភាពនៃសន្និធិប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់មន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម ឬសាខា ក.ប.ប និង/ឬអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្តអំពីស្ថានភាពសន្និធិ ជាក់ស្តែង ១០% មុនពេលអស់សន្និធិ។

ចំពោះស្ថានីយ និងដេប៉ូដែលមានបំណងផ្អាកដំណើរការជាបណ្តោះអាសន្ន៖ ត្រូវអនុវត្តតាមនីតិវិធីនៃការផ្អាកជាបណ្តោះអាសន្ន របស់ស្ថាប័នមានសមត្ថកិច្ច ទើបអាចផ្អាកការលក់ចែក ចាយរបស់ខ្លួនបាន។ ចំពោះស្ថានីយ និងដេប៉ូ ដែលបានទទួលការវាយតម្លៃថាអាចដំណើរការឡើងវិញបាននោះ ត្រូវសហការ ជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញនីតិវិធីបើកដំណើរការ និងក្នុងករណីដែលរកឃើញថាបានប្រព្រឹត្តខុសនឹងសេចក្តីណែនាំនេះ ស្ថាប័នមានសមត្ថកិច្ចនឹងបន្តអនុវត្តនីតិវិធី នៃច្បាប់ជាធរមាន។

ត្រូវផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ សេវាសាធារណៈចាំបាច់៖ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងរថយន្តបម្រើសេវាសាធារណៈ​ និងប្រជាកសិករ បុគ្គលពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម ដែលមានតម្រូវការចម្បងក្នុងការរក្សា ដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម សង្កត់ធ្ងន់ថា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែល កេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ៕

5
Promotion