កម្ពុជា រក្សាទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងកម្ពុជាចំនួន៤៦ នៅទូទាំងពិភពលោក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីការវិវត្តនៃតួនាទីរបស់កម្ពុជា ជាតួអង្គប្រកបដោយបុរេសកម្មនិងគោរពច្បាប់ នៅលើឆាកអន្តរជាតិ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងការទូត ដោយរក្សាទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងកម្ពុជាចំនួន ៤៦ នៅទូទាំងពិភពលោក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម និងតួនាទីបុរេសកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់។

ការលើកឡើងរបស់ប្រមុខការទូតកម្ពុជាបែបនេះ ក្នុងពិធីបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរយៈពេលពីរថ្ងៃ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសរបស់ក្រសួងការបទេសនៅថ្ងៃទី១០ ខែមីនាះ បានឱ្យដឹងថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ ក៏មានកិច្ចប្រជុំចង្អៀតដែលផ្តោតការពិភាក្សាលើការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងផលបច្ច័យ ជម្រើសយុទ្ធសាស្ត្ររបស់កម្ពុជាសម្រាប់អនាគត និងការជំរុញការទូតសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាកំណែទម្រង់ផ្ទៃក្នុង សំដៅពង្រឹងធនធានមនុស្សនិងសមត្ថភាពស្ថាប័នដើម្បីដោះស្រាយ បញ្ហាប្រឈមដែលកំពុងកើតមាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងគោលនយោបាយការបរទេស បុរេសកម្ម និងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងភាពធន់របស់កម្ពុជា ក្នុងការការពារផលប្រយោជន៍ ស្នូលរបស់ជាតិ រួមមានការរក្សាអព្យាក្រឹតភាព ឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងលើក កម្ពស់សន្តិភាព ឯកភាពជាតិ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។

ចំពោះទំនាក់ទំនងជាមួយប្រទេសជិតខាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើជំហរជាគោលការណ៍របស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះជម្លោះព្រំដែន និងទំនាស់នានា ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំង លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នា ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕

5
Promotion