កម្ពុជា បន្តជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាពនិងផ្តល់ភាពកក់ក្តៅ

ប្រទេសកម្ពុជា នៅតែបន្តជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹង ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរមកពី គ្រប់ទិសទីនៅលើពិភពលោក។

ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមមានការប្រែប្រួលយ៉ាងឆាប់រហ័សនៃ ស្ថានភាពនយោបាយភូមិសាស្ត្រ និងសន្តិសុខក្នុងតំបន់និងពិភពលោក ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងនានា និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដោយ កម្ពុជា នៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវ សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដើម្បីធានាឱ្យការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ប្រព្រឹត្តទៅដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

តាមរយៈការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង កិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ន ភាគីអន្តរជាតិ ផ្នែកឯកជន បានបន្តអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានា សុវត្ថិភាព និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរទាំងអស់។

ក្រសួងទេសចរណ៍ ក៏អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែល ស្រឡាញ់ប្រទេសកម្ពុជា បន្តធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយទំនុកចិត្តពេញលេញ អារម្មណ៍សុវត្ថិភាព និងភាពកក់ក្តៅ។

ជាមួយគ្នានេះ ក្រសួង ក៏សូមអំពាវនាវភ្ញៀវទេសចរទាំងអស់បន្តគាំទ្រ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ អំពីកម្ពុជាដែលជាទឹកដីអច្ឆរិយៈពោរពេញដោយសម្បត្តិ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត សង្គមប្រកបដោយសុខដុមនីយកម្ម និងប្រជាជន មានភាពរួសរាយរាក់ទាក់។

យោងតាមរបាយការណ៍ របស់ក្រសួងទេសចរណ៍ បានបង្ហាញថា កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៥.៥ លាននាក់ ក្នុងឆ្នាំ២០២៥ ថយប្រមាណ ១៦.៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៦.៧ លាននាក់។

ទេសចរវៀតណាម ឈរនៅលំដាប់ទី១ ដែលមានចំនួន១.២២ លាននាក់ ធ្លាក់ចុះ ៨.៨%។ តាមពីក្រោយវៀតណាម គឺទេសចរចិន មានចំនួន១.២០លាននាក់ កើន ៤១.៤% ខណៈទេសចរថៃ ឈរនៅលំដាប់ទី៣ ដែលមានចំនួនជាង១ លាននាក់ ធ្លាក់ចុះ៥២%។ បន្ទាប់មក គឺភ្ញៀវទេសចរអាមេរិកមានចំនួន២០ ម៉ឺននាក់ ធ្លាក់ចុះ ៣.៦% និងទេសចរកូរ៉េជាង១៥ ម៉ឺននាក់ ធ្លាក់ចុះ ២០.៦%។ ចំណែកទេសចរមកពីឥណ្ឌូនេស៊ី មានជាង១៤ម៉ឺននាក់ និងមកពីបារាំង មានជាង១៣ម៉ឺននាក់៕

5
Promotion