សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញមកបញ្ជាក់ជុំវិញមតិលើកឡើងថា អាមេរិកអាចមកចាប់ខ្មែរឥស្លាមដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ សម្តេចតេជោ ចាត់ទុកការលើកឡើងនេះ មិនអាចទៅរួចឡើយ សូម្បីតែរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។
តាមរយៈសំណេរលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១១ ខែមីនានេះ សម្តេចតេជោ បានលើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះមានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿង ដែលថាអាមេរិកអាចមកចាប់បងប្អូនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។ ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេរឿងនេះ វារីកកាន់តែធំព្រោះអ្វី ដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់ នៃការបែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផង និងការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។»
សម្តេចតេជោបានបន្តថា ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា សម្តេចបានខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យគ្មានជម្លោះជាតិសាសន៍ និងសាសនានៅកម្ពុជានោះឡើយ៕

