តារាកំប្លែងនាយ ក្រិន ត្រូវបានបញ្ជូនមកទីក្រុងភ្នំពេញហើយដើម្បីព្យាបាលជំងឺ បន្ទាប់ពីដឹងខ្លួនពីសន្លប់ ប៉ុន្តែអ្វីដែលស្លុតចិត្តនោះគឺ នាយក្រិន វង្វេងស្មារតីលែងស្គាល់អ្នកជុំវិញខ្លួន ។

បើតាមសម្តីតារាសម្តែងលោក សាវិន ហ្វីលីព បានរៀបរាប់ថា « នាយក្រិន កំពុងវង្វេងវង្វាន់ដោយសារមេរោគឡើងពេញឈាម និងខួរក្បាល ។ វេជ្ជបណ្ឌិតបញ្ជាក់នៅព្រឹកនេះថា នាយក្រិន មានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរហើយបង្កជាមេរោគយ៉ាងច្រើន ហើយមេរោគបានរាលដាលចូលពេញឈាមនិងដល់ខួរក្បាលទៅហើយ រហូត២៤ពាន់មេរោគឯណោះ ។ ពេលនេះនាយក្រិន គាត់វង្វេងវង្វាន់មិនស្គាល់ខ្ញុំទេ ខ្ញុំគិតថានេះអាចជារឿងគ្រោះថ្នាក់ដល់ជីវិតរបស់គាត់បើយើងបណ្ដែតបណ្ដោយទុកគាត់នៅគ្លីនីកខេត្តយូរតទៅទៀត ។ ដូច្នេះខ្ញុំបានស្នើរសុំដល់វេជ្ជបណ្ឌិតនៅគ្លីនីក សុវណ្ណ ក្រុងបាត់ដំបងដើម្បីបញ្ជូននាយក្រិនមកសង្រ្គោះបន្ទ្ទាន់នៅភ្នំពេញដោយគ្រូពេទ្យប្រាប់ថាគួរតែធ្វើយ៉ាងនេះដែរ ។ ពេលទៅដល់ភ្នំពេញនឹងមានតារាកំប្លែង ប្រឹមប្រិយ ចាំទទួលជួយគាត់ » ។
តារាកំប្លែង ប្រិមប្រិយ បានឱ្យដឹងនាពេលរសៀលនេះថា « បងក្រិនកំពុងធ្វើដំណើរមកកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្រ្គោះបន្ទាន់ សម្រាប់ព័ត៌មានបន្ថែមខ្ញុំនឹង Update តាមក្រោយទៀត » ។
នាយក្រិន មើលទៅកំសត់ណាស់ខណៈពេលដែលកំពុងឈឺធ្ងន់ គ្មានអ្នកមើលថែនោះទេ ក្នុងមន្ទីរពេទ្យក្រៅពីកូនតូចៗទាំងបីចំណែកឳពុកកំពុងដេកឈឺសួតធ្ងន់ធ្ងរដាក់អុកស៊ីហ្សែនជាប់រហូត ។ ទាំងអ្នកក្នុងនិងក្រៅសិល្បៈបានផ្ញើសារជូនពរ នាយក្រិន បានធូរស្បើយពីជំងឺក្នុងពេលឆាប់ៗ ដើម្បីមើលថែទាំងកូនតូចៗជាបន្តទៀត ៕




