ថ្វីដ្បិតតែរៀបការជាមួយបុរសជនជាតិសឹង្ហបុរី តែអតីតតារាសម្តែង នេត សុចរិយា បានរៀបចំកម្មវិធីទៅតាមប្រពៃណីបានយ៉ាងល្អ សមមុខមាត់ក្រុមគ្រួសារទាំងសង់ខាង ជាពិសេសនាងបានជ្រើសរើសឈុតសម្លៀកបំពាក់សម្រាប់គ្រួសារទាំងសងខាងទៅតាមប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ។

អតីតតារាសម្តែង នេត សុចិរយា ពិតជាស្រស់ស្អាតខ្លាំងណាស់នៅក្នុងថ្ងៃមង្គលការរបស់ខ្លួនដែលបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០២៦ ដោយបានអញ្ជើញមិត្តិសិល្បករជាច្រើនចូលរួមអបអរសាទរ នៅអគារបុរីប៉េងហួតបឹងស្នោ ។
បើទោះបីជា នេត សុចរិយា បានជ្រើសរើសដៃគូជីវិតជាជនបរទេស ប៉ុន្តែអ្នកទាំងពីរមើលទៅពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ជាពិសេសស្វាមីរបស់នាងបានផ្តល់កិត្តិយស និងក្តីស្រឡាញ់ចំពោះនាងនិងក្រុមគ្រួសារយ៉ាងពេញលេញ ធ្វើឱ្យនារីជាច្រើនច្រណែននិងសំណាងរបស់នាង ។ សូម្បីតែ នេត សុចរិយា ចង់រៀបការទៅតាមប្រពៃណីខ្មែរ ក៏ស្វាមីនាងមិនជំនាស់ផងដែរ ផ្ទុយទៅវិញបែរជាសប្បាយរីករាយ ព្រមទាំងពេញចិត្តខ្លាំងក្នុងការស្លៀកពាក់និងតុបតែងខ្លួនជាខ្មែរ ទាំងគ្រួសារតែម្តង ។
ជាមួយនិងស្នាមញញឹមស្រស់ក្នុងឈុតកូនក្រមុំ នេត សុចរិយា បានបញ្ជាក់ប្រាប់ថា នាងស្រឡាញ់ប្រពៃណីខ្មែរណាស់ ទាំងកម្មវិធី និងសម្លៀកបំពាក់ គឺត្រូវធ្វើអ្វីតាមក្បួនខ្នាត សូម្បីតែស្វាមីនាងក៏ស្រឡាញ់ពេញចិត្តដែរ មើលទៅថ្លៃថ្លូរ លើកមុខមាត់ ។
គួរបញ្ជាក់ផងដែរថា មង្គលការរបស់អតីតារាសម្តែង នេត សុចរិយា បានរៀបចំឡើងយ៉ាងធំដុំដែលមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ មានទាំងភ្ញៀវមកពី សឹង្ហបុរី អូស្រ្តាលី ម៉ាឡេស៊ី និងហុងកុងជាដើម…។ ចំណែករូបនាងវិញអញ្ជើញមិត្តសិល្បករចាស់ៗប្រមាណ២០តុប៉ុណ្ណោះ ។ មុននឹងមករៀបការនៅស្រុកខ្មែរ នេត សុចរិយា ធ្លាប់រៀបការ២ដងមកហើយ ក្នុងនោះរៀបការនៅប្រទេស សឹង្ហបុរី សែនតាមបែបចិន និងចុះអេតាស៊ីវិល ព្រមទាំងចេញទៅរៀបការនៅប្រទេស អូស្រ្តាលី ។ បើតាមគម្រោង នេត សុចរិយា និងស្វាមី ត្រៀមនឹងចេញទៅក្រេបទឹកឃ្មុំនៅទឹកដីកោះរ៉ុង ។
នេត សុចរិយា មានគម្រោងនឹងយកកូនភ្លាមៗក្រោយពីរៀបការតាមប្រពៃណីខ្មែរ ដោយនាងបាននិយាយថា អាយុច្រើនគួរសមហើយ មិនអាចអូសបន្លាយពេលវេលាតទៅមុខទៀតទេ ត្រូវយកកូនចៅបង្កើនសមាជិកក្នុងគ្រួសារឱ្យបានច្រើន ណាមួយស្វាមីនិងឪពុកម្តាយក្មេកនាងក៏ចង់បានចៅឆាប់ៗដែរ ។ នេត សុចរិយា និងត្រឡប់ទៅប្រទេស សឹង្ហបុរី វិញក្រោយពីចូលឆ្នាំចិនរួច ៕




