ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជាត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ។ តាមរយៈស្ថិតិទេសចរណ៍រយៈពេល១០ខែក្នុងឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបបានប្រមាណ៤,៨ លាននាក់ ដែលក្នុងនោះ ភ្ញៀវទេសចរមកពីមិត្តចិនមានចំនួនប្រមាណជិត១លាននាក់ដែលនាំមុខគេ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
ឯកឧត្តម ហួត ហាក់ បានថ្លែងថា កម្ពុជា ត្រូវតែត្រៀមលក្ខណសម្បត្តិឱ្យគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះការចូលរួមដ៏ផុសផុល និងពីគ្រប់តំបន់នៃប្រទេសចិន និងកម្ពុជាដើម្បីរួមគ្នាគិត និងរួមគ្នាធ្វើឱ្យជាក់ស្តែងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា-ចិន ដើម្បីជាប្រយោជន៍រួមគ្នា និងការពង្រឹងពង្រីក ការផ្លាស់ប្តូរប្រជាជននៃប្រជាជាតិទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីអនុសាសន៍សំខាន់ៗ មួយចំនួនដល់អង្គវេទិកា ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ឱ្យកាន់តែស៊ីជំរៅ និងប្រកបដោយប្រសិទ្ធិភាពក្នុងការទាក់ទាញនូវកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាប្រទេសទាំងពីរ។
បន្ថែមលើនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានស្នើគ្រប់ភាគីទាំងអស់ ត្រូវបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កាលានុវត្តភាពវិនិយោគ ជាពិសេសប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិប្រកបដោយសុខសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ចកក់ក្តៅ និងមានភាពទាក់ទាញ។
សូមជម្រាបថា ក្នុងក្របខ័ណ្ឌនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្រសួងទេសចរណ៍សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ នឹងរៀបចំកម្មវិធីសំខាន់ៗ មួយចំនួននាចុងឆ្នាំ២០២៥ ដែលរួមមាន៖ ១) ព្រឹត្តិការណ៍មហាស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះកម្ពុជា-ចិន នាល្ងាចថ្ងៃទី៦ ខែធ្នូ នៅខេត្តសៀមរាបនិង ២) វេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ នៅខេត្តសៀមរាប៕



