នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការជម្រុញការតភ្ជាប់តាមផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។
ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើក្រុមហ៊ុនពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកកម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ កម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏មានក្រុមហ៊ុនអាកាសចរណ៍ធំៗ អន្តរជាតិជាច្រើនដូចជា Turkish Airlines និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញលោកស្រី និងសហការី មកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើលស្ថានភាពចំនួនភ្ញៀវទេសចរជាក់ស្តែង និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។



