ជនបរទេសដែលលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់សរុបចំនួន ៦១៥នាក់ ក្នុងនោះស្រី ៨៤នាក់ មាន ១៧សញ្ជាតិ ត្រូវបណ្ដេញចេញពីកម្ពុជា គិតចាប់ពីថ្ងៃទី១ដល់៤ ខែមីនា ឆ្នាំ២០២៦នេះ ។ នេះបើតាមការប្រកាសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៥ មីនា ឆ្នាំ២០២៦នេះ។
ជនបរទេសទាំង៦១៥នាក់ ដែលត្រូវបណ្តេញចេញរួមមាន ចិន ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ចិនតៃវ៉ាន់ កាមេរូន ឥណ្ឌូនេស៊ី ឥណ្ឌា យ៉ូហ្គង់ដា កេនយ៉ា នីហ្សេរីយ៉ា ម៉ាឡេស៊ី ហ្គាណា ថៃ កូរ៉េ រវ៉ាន់ដា និងនេប៉ាល់។ ក្នុងចំណោមនោះ មានជនជាតិចិនចំនួន ៣៣០នាក់ ស្រី១២នាក់ ត្រូវបណ្ដេញចេញតាមយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕






