ខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ពិធីនេះប្រារព្ធឡើង ដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមរទេះសាឡីគោលឿន។
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ពិធីប្រណាំងរទេះសាឡីនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយអភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿននៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។

មន្ទីរសង្ឃឹមយ៉ាងមុតមាំថា ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦នេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាដ៏ច្រើនកុះករ។
សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹក ជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាអាពាហ៍ពិពាហ៍ ពីធីបុណ្យប្រពៃណី និងពីធីបុណ្យផ្សេងៗទៀតតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើមគំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕


