ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសនូវែលសេឡង់ ពីថ្ងៃទី១៣ ដល់ ១៤ ខែមីនា ឆ្នាំ២០២៦ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសអូស្ត្រាលី ពីថ្ងៃទី១៥ ដល់ ១៦ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦នេះ។
ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និងលោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។
ក្នុងដំណើរទស្សនកិច្ចនេះ ជំនួបទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយសមភាគី និងថ្នាក់ដឹកនាំរបស់ នូវែលសេឡង់ និងអូស្ត្រាលី នឹងផ្តល់ឱកាសដ៏ល្អ ដើម្បីពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាពក្នុង តំបន់ និងសកលលោក។
ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង និងកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា ជាមួយនូវែលសេឡង់ និងអូស្ត្រាលី៕
