«បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង វេលាម៉ោង ៥:៣៥នាទីរសៀល និងវេលាម៉ោង ១០:៣៥នាទីយប់ នៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
ការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។

សម្តេចបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកថា ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា ជាបេតិកភណ្ឌពិភពលោកនាពេលនេះ គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្តិភាព។
សម្តេចបវរធិតបី ហ៊ុន ម៉ាណែត បានបន្តថា មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិ លើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ស្មារតីសាមគ្គីរួបរួមជាតិ «ខ្មែរតែមួយ» ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាងនិងការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។
ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏ណែនាំដល់គ្រប់ ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅវេលាម៉ោង៧ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
សម្តេច ក៏អំពាវនាវ ដល់ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នា ដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅតាមបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅរៀងរាល់ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំផងដែរ៕
អត្ថបទ៖ ពុទ្ធិកា