តារាសម្តែង សិទ្ធី នីកា បានសម្តែងនូវការត្រេអរយ៉ាងខ្លាំងនៅពេលកូនប្រុសបណ្តូលចិត្តរបស់ខ្លួនទទួលបានមេដាយមាសក្នុងការប្រកួតកីឡា ជឺជីតស៊ូ ថ្នាក់ជាតិលើកទី៤ ។ ក្នុងនោះព្រះនាង ជេនណា ក៏បានចូលរួមសាទរផងដែរចំពោះបងប្អូនជីដូមួយរបស់ខ្លួនក្នុងការទទួលបានមេដាយមាសទាំង២រូប ។

តារាសម្តែង សិទ្ធី នីកា និងស្វាមីរបស់ខ្លួនបានទៅគាំទ្រកូនប្រុសទាំងពីររបស់ខ្លួនយ៉ាងពេញទំហឹងកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៦ ក្នុងការប្រកួតកីឡា ជឺជីតស៊ូ ថ្នាក់ជាតិលើកទី៤ ។ ជាលទ្ធផល កូនប្រុសទាំងពីរទទួលបានមេដាយមាស ។
ទន្ទឹមនិងការទទួលបានមេដាយមាសនេះ តារាសម្តែង សិទ្ធី នីកា ក៏បានសម្តែងនូវការត្រេអរ និងមានមោទនភាពខ្លាំងចំពោះកូនប្រុស នាងថែមទាំងបាននិយាយថា « សូមអបអរសាទរដល់កម្លោះសង្ហាទាំងពីរ សម្រាប់ការទទួលបាននូវមេដាយមាស ក្នុងការប្រកួត កីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ ជាតិលើកទី៤ ។ ប៉ាប៉ា និងមំាមី មិនមានពាក្យអ្វីក្រៅពីរំភើប និងមានមោទនភាពបំផុត ចំពោះការខិតខំប្រឹងប្រែងតស៊ូរបស់កូន » ។
មិនត្រឹមតែតារាសម្តែង សិទ្ធី នីកា ប៉ុណ្ណោះទេដែលរំភើបជាមួយលទ្ធផលរបស់កូនខ្លួន សូម្បីតែព្រះនាង ជេនណា ដែលជាតារាចម្រៀងល្បីឈ្មោះក៏បានចូលរួមអបអរសាទរចំពោះកូនប្រុសរបស់នាងផងដែរ ។
ព្រះនាង ជេនណា បាននិយាយថា « សូមអបអរសាទរ ដល់បងប្អូនជីដូនមួយ ទាំងពីរអង្គរបស់ខ្ញុំ គឺអ្នកអង្គម្ចាស់ នរោត្តម ច័ក្រាមុន្នី និងអ្នកអង្គម្ចាស់ នរោត្តម ពង្សច័ក្រី ដែលទទួលបានជ័យលាភី មេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាជឺជីតស៊ូ ជើងឯកថ្នាក់ជាតិលើកទី ៤ ។ ខ្ញុំពិតជារំភើប និងសប្បាយចិត្ត ដែលបងប្អូនខ្ញុំសុទ្ធសឹងតែជាបុគ្គលមានសមត្ថភាព ក្នុងការនាំយកមោទនភាពជូនគ្រួសារ និងសង្គមជាតិ ហើយខ្ញុំក៏សូមចូលរួមលើកទឹកចិត្តដល់បងប្អូនដែលមិនទាន់បានលទ្ធផលល្អ ទោះបីជាលើកនេះពុំទាន់ទទួលបានជ័យជំនះ ប៉ុន្តែបងប្អូនបានធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ហើយបានខំអស់ពីសមត្ថភាព នេះក៏អាចរាប់បានថា ជាជោគជ័យសម្រាប់ខ្លួនឯងដូចគ្នា ។ អ្នកអង្គម្ចាស់ទាំងពីរអង្គនេះ ជាព្រះបុត្រាសំណព្វព្រះទ័យ នៃម្ចាស់មាខ្ញុំ គឺព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ » ៕





