អាជ្ញាធរជាតិអប្សរា ប្រកាសគាំទ្ររាល់សកម្មភាពថតរូប ថតវីដេអូសម្តែងផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជាតិ ប៉ុន្តែស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់អង្គរមួយនេះ បានរំលឹកថា គ្រប់សកម្មភាពទាំងនោះត្រូវជៀសវាងភាពឆ្គាំឆ្គង ឬរំខានដល់ការទស្សនារបស់ភ្ញៀវទេសចរ។
ក្នុងសេចក្តីអំពាវនាវផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ បានថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានទាំងអស់ ទាំងសិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកានានា ដែលបានចូលរួមថែរក្សា និងផ្សព្វផ្សាយ បេតិកភណ្ឌ និងប្រពៃណីជាតិដ៏រុងរឿងប្រកបដោយក្តីគោរពស្រឡាញ់។
អាជ្ញាធរជាតិអប្សរា គាំទ្រចំពោះសកម្មភាពនានា ដែលបានបង្ហាញពីការគោរពស្រឡាញ់ដល់បេតិកភណ្ឌ វប្បធម៌ និងប្រពៃណីជាតិ ទាំង សកម្មភាពទស្សនា ក៏ដូចជាសកម្មភាពថតរូបភាពអនុស្សាវរីយ៍ និងការថតវីដេអូសម្តែង ក្នុងគោលដៅផ្សព្វផ្សាយ វប្បធម៌ និងប្រពៃណីជាតិ ចូលរួមចំណែកជាមួយក្រសួង/ស្ថាប័ន និងអាជ្ញាធរ ដែលទាំងនេះជាកាយវិការគួរជាទី គោរព និងគួរលើកទឹកចិត្ត។
បើតាមអាជ្ញាធរជាតិអប្សរា កន្លងមក តាមរយៈសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលនូវលក្ខខណ្ឌ តម្រូវថ្មី ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តបានល្អប្រសើរក្នុងស្មារតី អភិរក្ស និងលើកតម្លៃបេតិកភណ្ឌ និងវប្បធម៌ជាតិ។ ប៉ុន្តែ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានសម្គាល់ឃើញ នៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិ ដ៏ល្អផូរផង់ផងដែរ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា ដែលមានក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួន ដែលអាចប៉ះពាល់ដូចបានបញ្ជាក់ជូន ខាងលើ ជាអាទិ៍មានដូចជា ទង្វើខុសពីក្រុមប្រតិបត្តិអង្គរ ការថតសម្ដែង ការស្លៀកសម្លៀកបំពាក់ដែលខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពដែលឆ្គាំឆ្គង និងមិនសមស្រប ការថតផ្សាយ ផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនា របស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ប្រជាពលរដ្ឋ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋាន ទាំងអស់មេត្តាយោគយល់ចំពោះការបំពេញកាតព្វកិច្ចរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងចូលរួមសហការ ក្នុងគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ ព្រមទាំងអំពាវដល់ម្ចាស់គណនី ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងអស់ ដែលបានបង្កការយល់ច្រឡំដល់មតិសាធារណជន មេត្តាលុបចេញពីគណនីរបស់ខ្លួន ដើម្បីរក្សាបរិយាកាសសង្គមប្រកបដោយសាមគ្គីភាពជាតិតែមួយ៕

