ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានជំហរច្បាស់លាស់ ក្នុងការដោះស្រា​យបញ្ហាព្រំដែនជាមួយថៃ តាមយន្តការJBC

ប្រព័ន្ធផ្សាយព័ត៌មានថៃ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ បានស្រង់សម្តីរបស់លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ពុំដែលបានមានប្រសាសន៍ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។

ឯកឧត្តម ប៉ែន បូណា បានបន្តថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុត ដើម្បីដោះស្រាយបញ្ហាព្រំដែននិងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។

ជាក់ស្តែង គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជាបានដាក់សំណើទៅកាន់គាគីថៃចំនួន ៥លើកមកហើយដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែង៕

5
Promotion