ប្រជាពលរដ្ឋជាជនភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ បាននិងកំពុងស់នៅផ្ទះស្នាក់នៅបណ្ដោះអាសន្នដែលត្រូវបានសាងសង់ឡើង តាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី១៧ ខែមីនានេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយគ្រួសារភៀសសឹក ដែលបានមករស់នៅជាបណ្ដោះអាសន្នលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
ឯកឧត្ដម ឃឹម ហ្វីណង់ បានលើកឡើងថា ការចុះមកនាពេលនេះ គឺដើម្បីសិក្សា និងរៀបចំផែនការបង្កើតសហគមន៍កសិកម្មគ្រួសារកងទ័ព ដែលជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ស្រី្តទី១នៃកម្ពុជា ក្នុងការប្រែក្លាយតំបន់ភូមិស្រះកែវ ឱ្យក្លាយជាគំរូនៃសហគមន៍កសិកម្មដ៏រឹងមាំមួយ ក្នុងការធានាថាគ្រួសារភៀសសឹកនីមួយៗមានលទ្ធភាពដាំដុះបន្លែបង្ការសម្រាប់បរិភោគ និងលក់ចេញដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។
សូមជម្រាបថា រាជរដ្ឋាភិបាល បាននិងកំពុងដោះស្រាយ ជួយទ្រទ្រង់ជីវភាពជូនប្រជាពលរដ្ឋដែលត្រឡប់ទៅភូមិឋានវិញ ជួយជួសជុល និងធ្វើផ្ទះជូនអ្នករងគ្រោះ ដែលខូចខាតផ្ទះ ក៏ដូចជាបន្តជួយគាំទ្រជីវភាពអ្នក ដែលបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។ រាជរដ្ឋាភិបាល បានបង្កើតនូវសំណាញ់សុវត្ថិភាព ដើម្បីអន្តរាគមន៍ទាំងការស្តារជីវភាព ស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង រក្សាលំនឹងជីវភាព ហើយបន្ថែមពីនេះ គឺគិតគូរដល់ការផ្តល់ជាដើមទុន ក្នុងការកសាង និងរក្សានៅនិរន្តរភាពសម្រាប់ការរស់នៅផងដែរ៕






