ទីបំផុត កម្ពុជា ធ្វើបានហើយ ដោយកញ្ញា ស៊ីដនី ម៉ារិទ្ធ បានបំបែកកំណត់ត្រារយៈពេល៥ឆ្នាំក្លាយទៅជាម្ចាស់មកុដ Miss Planet International ប្រចាំឆ្នាំ២០២៥ជាលើកដំបូងក្នុងនាមជាម្ចាស់ផ្ទះ ។

ឆ្នាំនេះគឺជាឆ្នាំទី៥ហើយដែលកម្មវិធីបង្កើតឡើងដោយស្នាដៃកូនខ្មែរ Miss Planet International បានរៀបចំឡើងនៅលើទឹកដី កម្ពុជា ប៉ុន្តែ កម្ពុជា មិនធ្លាប់ទទួលបានមកុដនោះទេ បើទោះបីជាកម្មវិធីនេះជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ និងប្រកួតនៅក្នុងប្រទេស កម្ពុជា ក្តី ។ ដោយឡែក កម្ពុជា បានបំបែកកំណត់ត្រានៅឆ្នាំទី៥ធ្វើឱ្យមានការភ្ញាក់ផ្អើលបំផុត ជាក់ស្តែងនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២៦ កន្លងមកនេះគឺជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Miss Planet International ២០២៥ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញទីបំផុត កម្ពុជា បានក្លាយទៅជាម្ចាស់មកុដ Miss Planet International ឆ្នាំ២០២៥ ។
កញ្ញា ស៊ីដនី ម៉ារិទ្ធ ដែលជាម្ចាស់មកុដ Miss Planet International ២០២៥ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពខ្ពស់និងមានចំណេះដឹង ត្រូវនិងអ្វីដែលកម្មវិធីត្រូវការ ។ កញ្ញា ស៊ីដនី ម៉ារិទ្ធ បានបង្ហាញនូវអារម្មណ៍រំភើប លាយឡំនិងទឹកភ្នែកពេលគ្រងមកុដ Miss Planet International នេះ នាងបាននិយាយថា ក្តីស្រមៃនាងបានក្លាយជាការពិតហើយ នាងនឹងប្រើសម្លេងរបស់ខ្លួនឱ្យមានប្រយោជន៍ដល់សង្គម និងបង្ហាញពិភពលោកឱ្យស្គាល់ កម្ពុជា កាន់តែច្បាស់ ។
គួរបញ្ជាក់ផងដែរថាឆ្នាំនេះ កម្ពុជា បានក្លាយជាទៅជាម្ចាស់មកុដ Miss Planet International ២០២៥ ចំណែកលំដាប់រងទី១ បានទៅលើ Miss Planet Mexico លំដាប់រងទី២ បានទៅលើ Miss Planet France លំដាប់រងទី៣បានទៅលើ Miss Planet Mauritiusលំដាប់រងទី៤បានទៅលើ Miss Planet Japan ៕



