ចិន ផ្តល់សម្ភារៈបច្ចេកទេសដល់កម្ពុជា គាំទ្រដល់ប្រតិបត្តិការបង្ក្រាប Online Scams ឱ្យកាន់តែជោគជ័យ!

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលសម្ភារៈបច្ចេកទេស ដែលផ្តល់ជូនដោយក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ  គ.ប.ឆ.ប. និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានផ្តល់សម្ភារសម្រាប់បម្រើឱ្យប្រតិបត្តិបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការគាំទ្រនេះ ជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

ឯកឧត្តមសន្តិបណ្ឌិតបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការក្តៅជាបន្តបន្ទាប់ ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីកម្ពុជា។ ជាក់ស្តែង ខណៈយុទ្ធនាការបង្រ្កាប បោសសម្អាតការឆបោកអនឡាញកំពុងបន្តនៅទូទាំងប្រទេស​ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីចុងសប្តាហ៍កន្លងមកនេះ និងកំពុងបន្តនីតិវិធី នឹងក្លាយជាមូលដ្ឋានច្បាប់ដ៏រឹងមាំក្នុងការទប់ស្កាត់ បង្ក្រាប និងបោសសម្អាតពីកម្ពុជា។

ឯកឧត្តមបានគូសបញ្ជាក់ដូច្នេះថា៖ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាតំបន់ និងសកលលោកមានលក្ខណៈស្មុគស្មាញប្រទាក់ក្រឡា ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មនេះក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខ» ។ ក្នុងន័យនេះសមត្ថកិច្ចកម្ពុជា-ចិន បាននិងកំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលបានលទ្ធផលល្អប្រសើរ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ទាំងមូល» ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ក្នុងក្របខណ្ឌអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក្នុងនោះមិត្តចិនជាដៃគូដ៏ទុកចិត្តរបស់កម្ពុជា។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់សម្ភារៈបច្ចេកទេស របស់ក្រសួងសន្តិសុខសាធារណៈចិន ជូនដល់ភាគីកម្ពុជានេះ នឹងជួយគាំទ្រដល់ដល់ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជោគជ័យ។

ឯកឧត្តមបានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចកម្ពុជា ពិសេសប្រតិបត្តិការក្នុងបណ្តារាជធានី-ខេត្តទូទាំងប្រទេសបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយបានចុះត្រួតពិនិត្យ និងបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកតាមកន្លែងគោលដៅជាច្រើន។ ជាលទ្ធផល បានកម្ទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែង និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។ 

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានបង្ហាញការគាំទ្រចំពោះ ការបង្កើត ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាក្នុងការលុបបំបាត់បទល្មើសនេះឱ្យអស់ពីឫសគល់។

ឯកឧត្តមបន្តថា កម្ពុជា-ចិនជា “មិត្តដែកថែប” តែងតែជួយគ្នាទៅវិញទៅមក។ កន្លងមកនេះ ភាគីចិនបាន បញ្ជូនយន្តហោះមកទទួលយកជនជាតិចិនដែលពាក់ព័ន្ធនឹងបទល្មើសឆបោកឱ្យត្រឡប់ទៅប្រទេសចិនវិញ។ ការផ្តល់ជំនួយសម្ភារៈនាពេលនេះ គឺជាភស្តុតាងមួយទៀតនៃការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋចិន ស៊ី ជិនភីង កាលពីខែមេសា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ឯកឧត្តមវ៉ាង វិនពីនបានបញ្ជាក់ថា ភាគីចិនមានឆន្ទៈបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការស៊ើបអង្កេតរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែន គោលដៅរួមគឺដើម្បីលុបបំបាត់ “មហារីក” នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីការពារសុវត្ថិភាពប្រជាជន និងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

សូមជម្រាបថា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជាប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕

5
Promotion