ស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយ បានជំរុញឱ្យក្រុមហ៊ុន​ OFI ​ចង់ពង្រីកការវិនិយោគកែច្នៃស្វាយចន្ទីនៅកម្ពុជា

ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ បានជំរុញឱ្យក្រុមហ៊ុន Olam Food Ingredients (OFI) បានបង្ហាញ​បំណង​ពង្រីកការវិនិយោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទី។

ក្នុងជំនួបពិភាក្សាការងារ​​ដើម្បីស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម បានស្នើសុំពង្រឹង​កិច្ច​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ​ដើម្បី​ពិនិត្យលទ្ធភាពក្នុង​ការបង្កើតយន្តការអំណោយផល ដើម្បី​ជំរុញ​ការ​កែច្នៃ​ផលិត​ផល​សក្តានុពល​កម្ពុជា​ឱ្យ​កាន់តែ​សម្បូរបែបជាបន្តបន្ទាប់​នាពេល​អនាគត។​

លោក Gaurav Patil បានបញ្ជាក់ថា ក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម គឺជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Olam Group ដែលជា​ក្រុមហ៊ុន​ដ៏ធំមួយ​ មាន​ទីស្នាក់ការ​កណ្តាល​​នៅ​ប្រទេស​សិង្ហបុរី​ និង​​កំពុងមាន​ប្រតិបត្តិការ​ជាង​ ៦០ប្រទេស​ ដោយ​មាន​ជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។

បន្ថែមពីនេះ ក្រុមហ៊ុន​ Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន​ Olam Outspan (Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុង​ទិសដៅ​​បន្ត​​ជំរុញ និង​ពង្រីក​វិសាល​ភាព​វិនិយោគ​បន្ថែម​ទៅលើការកែច្នៃ​ស្វាយចន្ទីកម្ពុជា​ និង​​ដំណាំ​សក្តានុពល​កម្ពុជា​បន្ថែម​ទៀត រួមមាន​ ស្វាយ​ ទុរេន​ ម្នាស់ ជាដើម​​។

ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម ចំពោះទំនុកចិត្តក្នុងការវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការលើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យកែច្នៃស្វាយចន្ទីកម្ពុជា និងផលិតផលសក្តានុពលផ្សេងទៀតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុត​នៅ​លើ​ពិ​ភពលោក ដែលមានទំហំប្រមាណ ៨០ ម៉ឺន តោនជាមធ្យមក្នុងមួយឆ្នាំ បន្ទាប់ពីប្រទេសប្រទេសកូឌីវ័រ ដែលមានទិន្នផល ១,១ លានតោន ជាមធ្យមក្នុងមួយឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»៕

5
Promotion