ដោយពិនិត្យឃើញអំពីសក្តានុពលដ៏សម្បូរបែបនៅកម្ពុជា ជាមួយនឹងស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ចនិងនយោបាយ បានជំរុញឱ្យក្រុមហ៊ុន Olam Food Ingredients (OFI) បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ជាពិសេសការកែច្នៃស្វាយចន្ទី។
ក្នុងជំនួបពិភាក្សាការងារដើម្បីស្វែងរកឱកាសក្នុងការពង្រីកការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម បានស្នើសុំពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការអំណោយផល ដើម្បីជំរុញការកែច្នៃផលិតផលសក្តានុពលកម្ពុជាឱ្យកាន់តែសម្បូរបែបជាបន្តបន្ទាប់នាពេលអនាគត។

លោក Gaurav Patil បានបញ្ជាក់ថា ក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Olam Group ដែលជាក្រុមហ៊ុនដ៏ធំមួយ មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងមានប្រតិបត្តិការជាង ៦០ប្រទេស ដោយមានជំនាញអាជីវកម្មម្ហូបអាហារ និងកសិ-ពាណិជ្ជកម្មឈានមុខគេ ដែលបានផ្គត់ផ្គង់ដល់អតិថិជននៅទូទាំងពិភពលោក។
បន្ថែមពីនេះ ក្រុមហ៊ុន Olam Group ក៏បានចុះបញ្ជីបង្កើតក្រុមហ៊ុន Olam Outspan (Cambodia) នៅកម្ពុជាផងដែរ តាំងពីឆ្នាំ២០១៧ ក្នុងទិសដៅបន្តជំរុញ និងពង្រីកវិសាលភាពវិនិយោគបន្ថែមទៅលើការកែច្នៃស្វាយចន្ទីកម្ពុជា និងដំណាំសក្តានុពលកម្ពុជាបន្ថែមទៀត រួមមាន ស្វាយ ទុរេន ម្នាស់ ជាដើម។
ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ លោក Gaurav Patil អនុប្រធានជាន់ខ្ពស់ និងជានាយកក្រុមហ៊ុន Olam Food Ingredients (OFI) ប្រចាំប្រទេសវៀតណាម ចំពោះទំនុកចិត្តក្នុងការវិនិយោគ និងពង្រីកសកម្មភាពអាជីវកម្មនៅកម្ពុជា និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងការលើកកម្ពស់ ជំរុញ និងអភិវឌ្ឍវិស័យកែច្នៃស្វាយចន្ទីកម្ពុជា និងផលិតផលសក្តានុពលផ្សេងទៀតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ កម្ពុជា ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ ២ ច្រើនបំផុតនៅលើពិភពលោក ដែលមានទំហំប្រមាណ ៨០ ម៉ឺន តោនជាមធ្យមក្នុងមួយឆ្នាំ បន្ទាប់ពីប្រទេសប្រទេសកូឌីវ័រ ដែលមានទិន្នផល ១,១ លានតោន ជាមធ្យមក្នុងមួយឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវទស្សនវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក និងជា អធិរាជស្វាយចន្ទី នាពេលអនាគត។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧»៕
