គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញញត្តិថ្កោលទោស និងការដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ សរុបចំនួន ៦០ឯកសារ ឆ្លើយតបទៅនឹងទង្វើឈ្លានពានរបស់ថៃ ព្រមទាំងការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនជនភៀសសឹក កងទ័ព និងគ្រួសារកងទ័ពចំនួន ១០ លើក ។ សកម្មភាពទាំងនេះ បានបង្ហាញពីតួនាទីយ៉ាងសកម្មរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនស៊ីវិល និងការពារបូរណភាពដែនដីកម្ពុជា។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមេធាវីស្ម័គ្រចិត្តរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងអំពីសកម្មភាពមួយចំនួនរបស់ភាគីថៃ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។

សកម្មភាពទាំងនោះរួមមាន ការបិទព្រំដែនជាឯកតោភាគី ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករកម្ពុជា ការបាញ់ប្រហារដល់កងកម្លាំងកម្ពុជានៅក្នុងដែនដីកម្ពុជា ការប្រើប្រាស់សំឡេងរំខានកម្រិតខ្ពស់ ដែលប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនស៊ីវិល ព្រមទាំងការប្រើប្រាស់អាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង គ្រាប់បែកចង្កោម និងសារធាតុផ្សែងពុល វាយប្រហារចូលមកជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជាជាដើម។
យោធាថៃបន្តកាន់កាប់ដែនដីកម្ពុជា ការដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ការលួចបំផ្លាញ និងលួចទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបំផ្លិចបំផ្លាញវប្បធម៌ និងរូបបដិមា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ថ្មីៗ ក្នុងចេតនាបង្កើត តថភាពថ្មីនៅនឹងកន្លែង (fait accompli) ដែលបានរារាំងជនភៀសសឹករាប់ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ទោះបីមានសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរឥតងាករេក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាព។ការដាក់ញត្តិតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងការចូលទន្រ្ទាន និងការកាន់កាប់ដែនដីដោយខុសច្បាប់ ពីសំណាក់ភាគីថៃ គឺជាវិធានការស្របតាមច្បាប់អន្តរជាតិ និងជាភស្តុតាងបញ្ជាក់ថា កម្ពុជាមិនបានយល់ព្រម ឬទទួលស្គាល់ការបំពានទាំងនោះឡើយ។ ទោះយ៉ាងណា យន្តការផ្លូវច្បាប់អន្តរជាតិទាំងអស់ ត្រូវការពេលវេលាដើម្បីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់៕

