១៨មីនា រដ្ឋប្រហារទម្លាក់សម្តេចសីហនុ! សម្តេចតេជោរំលឹកថា សភាពការពេលនោះលំបាកខ្លាំងណាស់ តែមិនរត់ចោលប្រជាជននោះទេ

ព្រឹត្តិការណ៍ថ្ងៃ១៨មីនាឆ្នាំ១៩៧០ថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះបរមរតនកោដ្ឋពីព្រះប្រមុខរដ្ឋហើយនៅថ្ងៃទី៩ តុលា ប្រកាសបង្កើតនូវរបបសាធារណរដ្ឋខ្មែរដែលមានសេនាប្រមុខលន់ នល់ ជាប្រមុខ។ 

សម្តេចតេជោ ហ៊ុន សែន បានរំលឹករឿងរ៉ាវលើបណ្តាញសង្គមសម្តេចនៅថ្ងៃនេះថា ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោតម្តសីហនុពីសំណាក់ពួកលន់ នល់(១៨មិនា១៩៧០.១៨មិនា២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។ 

សម្តេចបានសរសេររៀបរាប់ថា៖ «គាប់ជួនម្សឹលមុិញខ្ញុំបានទទូលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥មិនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រម៉ាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ អាវដោយអាវដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។»

បើតាមសម្តេចតេជោ «សភាពការពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តានិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។ ខ្ញុំនៅចាំបានថាក្នុងរយៈពេលនោះម៉ាណែត មិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤កុម្ភះ ១៩៧៩។គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ។»

សូមរម្លឹកថា ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៦ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខ លន់ នល់ និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៦ឆ្នាំមុន កម្ពុជាដ៏កំសត់បានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សា អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨ មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕

5
Promotion