បើទោះបីជាមានកូនប្រុស២នាក់ជាចំណងដៃតារាសម្តែង តូតា នៅតែចិញ្ចឹមចិត្តចង់បានកូនស្រីទី៣ ដើម្បីបំពេញក្តីស្រមៃខ្លួន ជាក់ស្តែងក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៦ឆ្នាំ ក៏ដូចជាថ្ងៃកំណើតវ័យ៣២ឆ្នាំរបស់ខ្លួន នាងនៅតែប្រាថ្នាចង់បានកូនស្រីទី៣ ។

តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានរៀបចំពិធីជប់លៀង និងខួបកំណើតវ័យ៣២ឆ្នាំរបស់ខ្លួនយ៉ាងសប្បាយរីករាយ នាងថែមទាំងទទួលបានកាដូចជាច្រើនពីមិត្តភក្តិ ជាពិសេសកាដូស្វាមីបណ្តូលចិត្ត ។
ចាប់តាំងពីចាប់ដៃគ្នាសាងគ្រួសារអស់ពេល៦ឆ្នាំ ជីវិត តូតា កាន់តែសុខស្រួល និងមានសុភមង្គលខ្លាំងឡើង នាងទទួលបានកូនប្រុស២នាក់ជាចំណងដៃ ថែមទាំងបានបើកអាជីវកម្មជាច្រើនកន្លែង ទាំងហាងលក់គ្រឿងអលង្ការ រីសត និងអាជីវកម្មជាច្រើនទៀតដែលធ្វើឱ្យជីវិតរបស់នាងកាន់តែមានរស្មីឡើង ។ អ្វីដែលពិសេសនោះគឺនាងទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីបណ្តូលចិត្ត ស្វាមីមិនដែលធ្វើឱ្យនាងលំបាក ឬពិបាកចិត្តឡើយ ។
តារាសម្តែង តូតា បានបង្ហាញនូវក្តីរីករាយនៅក្នុងថ្ងៃពិសេសរបស់ខ្លួនថា ជីវិតនាងមិនប្រាថ្នាអ្វីច្រើនឡើយ សំខាន់គឺមានសុភមង្គលក្នុងគ្រួសារ មានមុខរបររកស៊ីត្រឹមត្រូវ មានកូនៗជាទីស្រឡាញ់នៅក្បែរ ។ អ្វីដែលនាងប្រាថ្នាចង់បាននៅពេលនេះគឺចង់បានកូនស្រីម្នាក់ទៀត ។
នេះមិនមែនជាលើកដំបូងនោះទេដែលតារាសម្តែង តូតា ចង់បានកូនស្រីទី៣ ជាក់ស្តែងពេលនាង សម្រាលកកូនទី២រួច នាងធ្លាប់និយាយថា ចង់បានកូនទី៣ដែលជាកូនស្រី ។
ទាំងមិត្តភក្តិក្នុងនិងក្រៅសិល្បៈសុទ្ធតែបានជូនពរតារាសម្តែង តូតា បានសម្រេចបំណងប្រាថ្នាក្នុងពេលឆាប់ៗ ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរៀបការមានគ្រួសារ តារាសម្តែង តូតា បានបោះបង់អាជីពសម្តែងចោលទាំងស្រុង ដោយសំងំធ្វើជាស្រ្តីមេផ្ទះ និងមើលមុខជំនួញរបស់ខ្លួនវិញ ប៉ុន្តែពេលជួបជាមួយនាងម្តងៗនាងនៅតែអះអាងថា នៅតែស្រឡាញ់សិល្បៈ ថ្ងៃណាមួយនាងនឹងវិលត្រឡប់ចូលវិស័យនេះវិញ ប៉ុន្តែអ្វីដែលសំខាន់គឺគីឡូនាងឡើងជាលំដាប់ នាងត្រូវចំណាយពេលវេលាសម្រកគីឡូឱ្យមានរាងស្លីមស្អាតសិន ទើបអាចចូលសិល្បៈវិញបាន ៕





