កម្ពុជា កំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូត ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែតម្កល់សន្តិភាពជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងបង្ហាញពីភាពសកម្មលើសមរ​ភូមិការទូតទាំងក្នុងនិងក្រៅ​ប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយផ្សារភ្ជាប់ជាមួយ «កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន» ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់​បំផុតរបស់រាជរដ្ឋាភិបាល។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ មីនា​ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការ​ងារពីអង្គទូត និងដៃគូអភិវឌ្ឍន៍ មានដូចជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ និងអនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិកជាដើម ដើម្បីពង្រឹងនិងពង្រីកកិច្ច​សហប្រតិបត្តិការទ្វេភាគីនិងការអភិវឌ្ឍន៍​សង្គម-សេដ្ឋកិច្ចកម្ពុជា។

នៅឯក្រសួងការបរទេស ក៏មានជំនួបពិភាក្សាជាបន្តបន្ទាប់ជាមួយអង្គទូត និងអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហ ប្រជាជាតិ​ប្រចាំកម្ពុជាជាដើម ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដោយមិនភ្លេចពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់មកលើប្រជាពលរដ្ឋភៀសសឹក។

ឯកឧត្តម ប៉ែន បូណា បានបន្តថា នៅឯក្រៅប្រទេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងចំណោមកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនដែលបានលើកឡើង កិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិក៏ជាប្រធានបទដ៏សំខាន់មួយ ដែលភាគីទាំងពីរបានលើកមកពិភាក្សា។

ប្រមុខការទូតកម្ពុជាក៏បានសម្តែងអំណរគុណអូស្ត្រាលី ចំពោះការបន្តគាំទ្រការបណ្តុះបណ្តាល និងការអភិវឌ្ឍជំនាញដល់មន្ត្រីយោធាកម្ពុជា។ ចំណែកឯសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ហើយកម្ពុជាបានថ្លែងអំណរគុណអូស្ត្រាលីចំពោះការគាំទ្រជំហរដោះស្រាយជម្លោះដោយសន្តិវិធី។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចមួយជុំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅប្រទេសសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី ស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃត្រូវបានពិភាក្សាយ៉ាងស៊ីជម្រៅ ដែលអនុញ្ញាតឱ្យបណ្តាដៃគូសន្ទនាបានយល់ច្បាស់ពីសភាពការណ៍ពិត ក៏ដូចជាជំហរសន្តិភាពនិយមដោយផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា ដែលស្របនឹងការចង់បានរបស់សហគមន៍អន្តរជាតិ។

ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទាំងបីខាងលើរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកើតឡើងបន្ទាប់ពីដំណើរបេសកកម្មការទូតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ថ្មីៗនេះ។ ការណ៍នេះបានឆ្លុះបញ្ចាំងពីភាពសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានៅលើសមរភូមិការទូត ដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន»។

5
Promotion