នៅវេលាម៉ោង ១១ ព្រឹកនេះ ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយថែមទាំងបានរាយបន្លាលួស បើទោះបីជាត្រូវបានហាមឃាត់យ៉ាងខ្លាំងពីសំណាក់កងកម្លាំងរបស់កម្ពុជាយ៉ាងណាក៏ដោយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ នារសៀលថ្ងៃចន្ទ ទី៤ ខែសីហា ២០២៥។ ក្រសួងការពារជាតិបានរំលឹកថា កម្ពុជាទើបតែបានរៀបចំឱ្យមានដំណើរកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា ទៅកាន់ទីកន្លែងទាំងនោះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា វាជាដែនអធិបតេយ្យរបស់កម្ពុជា។ ទង្វើនេះគឺជាការរំលោភដល់បទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។ […]