រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ នៅក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខ ។
ក្នុងចំណោមរថយន្តក្រុងចំនួន៦០០គ្រឿងនេះ គឺរថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ រីឯរថយន្តក្រុងចំនួន៥០០គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦គោលដៅ។

ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី០៦ មីនា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានកំណត់ពេលវេលាចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ និង៣០នាទីព្រឹក។ ដោយឡែក តាំងចេញដំណើរ មាន៦ទីតាំង រួមមាន ស្ថានីយរថយន្តក្រុងវាលស្បូវ, សា្ថនីយរថយន្តក្រុងចាក់អង្រែលើ,សា្ថនីយរថយន្តក្រុងផ្លូវ២០០៤,ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ,ដីឡូត៍តំបន់OCIC ជ្រោយចង្វារ និងស្ថានីយរថយន្តក្រុងរង្វង់មូលកាំភ្លើងគួចកាណុង។
ទន្ទឹមគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធ ដោយឥតគិតថ្លៃ តាមគោលដៅចេញដំណើរផងដែរ។ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់ សូមរក្សាតម្លៃដឹកជញ្ជូននៅដដែល កុំដំឡើងថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ៕


