កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទៅ Surprise អ្នកគាំទ្រក៏ដូចជាបេក្ខជនទាំង៨រូបនៅក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper កាលពីចុងសប្តាហ៍ ធ្វើឱ្យផ្អើលឆាកតែម្តង ដោយលោកបានពាំនាំនូវបទចម្រៀងថ្មីដែលច្រៀង Fit ជាមួយលោក Tempo មានលក្ខណៈជាខ្មែរមួយរយភាគរយ ។

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា លោកពិតជារំភើបចិត្តណាស់ដែលបានជាន់ឆាក Cambo Rapper ជាលើកដំបូង ជាពិសេសបាន Surprise អ្នកគាំទ្រ ក៏ដូចជាបេក្ខជន និងគ្រូបង្វឹកនៅក្នុងកម្មវិធីនោះ ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺលោកបានច្រៀង Fit ជាមួយតារាចម្រៀង Tempo ដែលជាគូ្របង្វឹកនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambo Rapper ជាក់ស្តែងតាមរយៈវិដេអូដែលទស្សនិកជនឃើញស្រាប់ ការចាប់ដៃគ្នាច្រៀងនិងសម្តែងរួមគ្នារបស់កំពូលតារាចម្រៀងទាំងពីរ ពិតជាទាក់ទាញ និងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនជាមួយនិងបទចម្រៀងជាលក្ខណៈជាខ្មែរសុទ្ធសាធ ។
ដូចដែលទស្សនិកជនបានឃើញស្រាប់ កាលពីចុងសប្តាហ៍ ការប្រឡងចម្រៀងរ៉េប Cambo Rapper បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ហើយក៏រកបានបេក្ខជនឆ្នើមចំនួន៤រូបដែលត្រៀមខ្លួននឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រផងដែរ ។
ជាមួយគ្នានោះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលាន់មាត់សរសើរតារាចម្រៀង Tempo ផងដែរក្នុងការធ្វើបទចម្រៀងដ៏អស្ចារ្យមួយបទនេះ ៕

