ជនភៀសសឹករងគ្រោះដោយសារទឹកភ្លៀង ផ្លាស់ទីទៅមណ្ឌលសុវត្ថិភាពថ្មី និងទទួលបានអំណោយមនុស្សធម៌បន្ទាន់ពីកាកបាទក្រហមកម្ពុជា

ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាករបស់ប្រជាជនភៀសសឹកដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយទទួលរងគ្រោះដោយទឹកភ្លៀងផងនោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ ដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នឹងនាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា យកទៅចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាជនភៀសសឹកទាំង ២.៨៨០គ្រួសារ ក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ផងដែរថា ឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសម្របសម្រួលរៀបចំឱ្យប្រជាពលរដ្ឋភៀសសឹកចូលទៅស្នាក់នៅមណ្ឌលសុវត្ថិភាពថ្មី។

មណ្ឌលសុវត្ថិភាពថ្មីនេះ ជាជម្រកចល័ត ដែលបង្កលក្ខណៈប្រសើរជាងមុន និងការពារពីភ្លៀង និងខ្យល់ ព្រមទាំងមានការរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យ ដើម្បីធានាដល់សុខុមាលប្រជាពលរដ្ឋភៀសសឹកផងដែរ៕

5
Promotion