ក្រោយផ្ទុះការវែកញែក លើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានហាមឃាត់កីឡាករ២រូបដែលកូនប្រុសអតីតកែងឆេះជង្គង់ហោះ អេ ភូថង គឺ កីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង មិនឲ្យប្រកួតរយៈពេល៦ខែ ខណៈពេលអ្នកទាំងពីរ កំពុងត្រៀមប្រកួតនៅក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន និងរងចាំការដោះស្រាយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា នៅពេលកីឡាករទាំងពីររូបវិលត្រឡប់មកវិញ។

នៅលើបណ្តាញសង្គម នាថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា៖ « ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។ ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យ កីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសផ្អាកចាប់គូប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល ៦ខែ ចំពោះកីឡាករ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និង កីឡាករ អេ អាំម៉ារីនភូថង ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ។ ការផ្អែកនេះ ធ្វើឡើងតាមសំណើររបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្រោមហេតុកីឡាករទាំង២នាក់ ជាយោធិនសេរីមិនគោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ៕

