តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាប្រចាំ បានឱ្យឃើញថា វត្តមានមន្ត្រីដែលមកបំពេញការងារនៅក្រសួង ស្ថាប័ន ក្នុងខែមករា ឆ្នាំ២០២៦ មានការកើនឡើងប្រមាណ៩៧%។ នេះបើតាមការឱ្យដឹងពីក្រសួងមុខងារសាធារណៈ។
តាមទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីបានស្តាប់វឌ្ឍនភាពការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។
តាមរយៈរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ១ខែ ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីអង្គប្រជុំ ដោយបានលើកឡើងពីការសាទរនូវលទ្ធផលដែលសម្រេចបាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ លើសពីនេះ ក៏មានការលើកឡើងនូវបញ្ហាប្រឈម និងចូលរួមដោះស្រាយជាមួយគ្នា ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ ជាប្រចាំ ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ក្រសួងមុខងារសាធារណៈ បានទទួលទិន្ន័យពីក្រសួង ស្ថាប័ន បានបង្ហាញឱ្យឃើញថា មន្ត្រីដែលមកបំពេញការងារនៅក្រសួង ស្ថាប័ន ក្នុងខែមករា ឆ្នាំ២០២៦ មានការកើនឡើងប្រមាណ៩៧%។ ក្នុងនោះផងដែរ ឯកឧត្តម សយ រាសី អគ្គាធិការនៃក្រសួងមុខងារសាធារណៈ ក៏បានបញ្ជាក់ពីភាពសុក្រឹត្យនៃទិន្នន័យដែលទទួលបានពីក្រសួង ស្ថាប័នតាមរយៈការរៀបរាប់ពីរបៀបគណនា និងការចុះពិនិត្យជាក់ស្តែងតាមអង្គភាពនីមួយៗ។
ឯកឧត្តមបានបន្ថែមពីសកម្មភាព និងការវិវត្តជាប្រចាំនៃការងារអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ ជាពិសេសរយៈពេលចុងក្រោយនេះ ដោយមានប្រព័ន្ធចែករំលែកបទពិសោធរវាងគ្នា ស្តីពីការគ្រប់គ្រងវត្តមាន ជូនគ្នាទៅវិញទៅមក៕

