រាជរដ្ឋាភិបាល ប្តេជ្ញាកាត់​បន្ថយឧបសគ្គនិងផ្ដល់ការអនុគ្រោះផ្នែកពន្ធ សំដៅទាក់ទាញវិនិ​យោគិន

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្ដល់ការអនុគ្រោះផ្នែកពន្ធ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការវិនិយោគ ហើយការវិនិយោគនៅឆ្នាំ២០២៦នេះគឺជាឱកាសល្អដែលមិនធ្លាប់មានសម្រាប់វិនិយោគិននានា។ នេះគឺជាការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល បានផ្ដល់ការអនុញ្ញាតឱ្យជនបរទេសមានភាគហ៊ុន ១០០ភា​គរយ នៅស្ទើរតែគ្រប់វិស័យទាំងអស់ ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ។
ជាមួយគ្នា​នោះ រាជរដ្ឋាភិបាលក៏​ផ្តល់ជូនការលើកទឹកចិត្តពន្ធរហូតដល់៩ឆ្នាំ ដោយផ្តល់ឱ្យវិនិយោគិននូវភាពច្បាស់លាស់ ទំនុកចិត្ត និងភាពអាចព្យាករបាននៅក្នុងរយៈពេលវែងផងដែរ។

ទន្ទឹមគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា កម្ពុជា បានប្ដេជ្ញាចិត្តក្នុងការបោសសម្អាតឱ្យអស់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចេញពីកម្ពុជានៅត្រឹមខែមេសាខាងមុខនេះ ដើម្បីបង្កើនបរិយាកាសវិនិយោគល្អប្រសើរដល់វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ក៏បានលើកឡើងដែរថា នៅឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង៥ ភាគរយ ដែលឆ្លុះបញ្ចាំងមិនត្រឹមតែការស្ដារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលការផ្លាស់ប្តូរ​រចនាសម្ព័ន្ធឆ្ពោះទៅរកតម្លៃខ្ពស់ និងភាពធន់កាន់តែខ្លាំងជាងមុន។

អ្នកឧកញ៉ា បន្ថែមថា កម្ពុជា ក៏កំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿង​បន្លាស់រថយន្ត ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០,១ ពាន់លានដុល្លារអាមេរិក ដែលផ្តល់អាទិភាពដល់ការ​ធ្វើទំ​នើប​កម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។

គួរបញ្ជាក់ថា កម្ពុជាបានផ្តល់នូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដ៏អស្ចារ្យសម្រាប់វិនិយោគិនដោយមានកំណើន៥.២%ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថានឹងបន្តសម្រេចបានកំណើនរឹងមាំជាមធ្យម ដោយផ្តល់កាលានុវត្តភាពសម្រាប់ធុរកិច្ច និងអ្នកវិនិយោគ។

គោលនយោបាយជាតិរបស់កម្ពុជាគឺរៀបចំស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនការរយៈពេល២៥ឆ្នាំឆ្ពោះទៅរកការសម្រេចចក្ខុវិស័យឆ្នាំ២០២៥ – ២០២៥ ដែលមានសសរស្តម្ភចំនួន៥ ក្នុងនោះមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាគឺជាស្នូល នៃគោលនយោបាយជាតិ៕

5
Promotion