ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល បណ្តាស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ា បានទទួលការណែនាំឲ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទងដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។
ជាក់ស្តែង បើតាមឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៤ មីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ា បានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសអ៊ីស្រាអែល បានដឹងអំពីភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ដែលកំពុងតែកើនឡើងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង និងបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។ ក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល ត្រូវទាក់ទងបន្ទាន់តាមរយៈលេខទូរស័ព្ទដែលបានផ្តល់ជូន។

ចំណែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត សហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និងបារ៉ែន ដែលមាននិវេសនដ្ឋាននៅរដ្ឋគូវ៉ែត ក៏បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសដូចបានរៀបរាប់ខាងលើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នាដែរ។ ក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុលត្រូវទាក់ទងបន្ទាន់តាមរយៈលេខទូរស័ព្ទដែលបានផ្តល់ជូនផងដែរ។
សូមបញ្ជាក់ជូនថា នៅប្រទេសអ៊ីស្រាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩នាក់ កំពុងសិក្សានៅទីនោះ ចំណែកឯនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧នាក់។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងធ្វើការ ឬធ្វើដំណើរកម្សាន្តក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។
ថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតាមដានយ៉ាងយកចិត្តទុកដាក់ បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋ និងនិស្សិតកម្ពុជានៅក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា។ រហូតមកដល់ពេលនេះ ពួកគេមានសុវត្ថិភាព និងស្ថិតក្រោមការតាមដានជាប្រចាំពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្តាប្រទេសទាំងនោះ៕
