កម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងកាន់តែល្អប្រសើរទាំងពាណិជ្ជកម្ម និងនយោបាយ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកជំទាវ ហើយក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោកជំទាវឯកអគ្គរដ្ឋទូតផងដែរ។ សម្ដេចតេជោបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលលោកជំទាវបានខិតខំប្រឹងប្រែងក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីបានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនិងជម្រាបលា និងបានផ្ដល់កិត្តិយសបំពាក់មេដាយកិត្តិយសនាពេលនេះ។
លោកជំទាវបានបញ្ជាក់ថា នេះជាលើកទី៣ហើយក្នុងអាណត្តិ៥ឆ្នាំរបស់លោកជំទាវ ជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ។

លោកជំទាវថារាល់ពេលដែលលោកជំទាវបានជួបសម្ដេចតេជោ លោកជំទាវតែងតែបានរៀនសូត្រ និងបានស្ដាប់នូវបទពិសោធដ៏កម្ររបស់សម្ដេចតេជោដែលបង្កើននូវពុទ្ធិយ៉ាងច្រើនដល់លោកជំទាវផងដែរ។ លោកជំទាវក៏បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំកន្លងទៅដែលទំនាក់ទំនងបានកើនឡើងតាមរយៈវិស័យពាណិជ្ជកម្ម និងនយោបាយរីកចម្រើនទៅទន្ទឹមគ្នា។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តផងដែរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិរបស់លោកជំទាវជាឯកអគ្គរដ្ឋទូត ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា និងសិង្ហបុរី។ សម្ដេចតេជោបានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដែលមានការកើនឡើងនិងមានការពេញចិត្ត ដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដល់ជាង៥ពាន់លានដុល្លារ ហើយសម្ដេចសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងនិងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់នេះ។ សម្ដេចតេជោបានចាត់ទុកថាទំនាក់ទំនងនយោបាយ ការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។

នៅក្នុងឱកាសនោះសម្ដេចតេជោបានចែករំលែកនូវបទពិសោធក៏ដូចជាដំណើរដើមទងនៃការតស៊ូរំដោះប្រទេសជាតិ ជាពិសេសការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងបានចែករំលែកអំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជានិងថៃនៅពេលបច្ចុប្បន្ននេះ ព្រមទាំងបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក។

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណចំពោះសម្ដេចតេជោដែលបានចែករំលែកនូវមេរៀន និងជាទស្សនទានដ៏ល្អៗ ដែលលោកជំទាវបានហៅសម្ដេចតេជោថាជារដ្ឋបុរសរបស់កម្ពុជា។ លោកជំទាវបានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា និងកត្តាសុខសន្តិភាព ហើយលោកជំទាវក៏មានអនុស្សាវរីយ៍ជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកជំទាវបានហៅប្រទេសកម្ពុជាថាជាប្រទេសដ៏អស្ចារ្យ៕

5
Promotion