បារាំង ផ្តល់សិទ្ធិឱ្យកម្ពុជាចូ​លប្រើប្រាស់ឯក​សារបណ្ណាសារ ផែនទី និងឯកសារ​ប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងព្រំដែន​ជាមួយថៃ

ប្រទេសបារាំង បានផ្តល់សិទ្ធិឱ្យកម្ពុជា ចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារ ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន និង​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានា​ក្នុងគោលបំណងសម្រេច​ឱ្យបាននូវដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា ថៃដោយសន្តិវិធី។

ក្នុងជំនួបជាមួយឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងអំណរគុណប្រទេសបារាំង សម្រាប់ការគាំទ្រ និងការផ្តល់សិទ្ធិប្រើប្រាស់ឯកសារនេះ និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ថែរក្សាសន្តិភាព និងស្ថិរភាព ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងការធានាការវិលត្រឡប់របស់ប្រជាពលរដ្ឋកម្ពុជា ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ដោយសុខសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ។

ក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តម Jean-Noël BARROT ក៏បានបញ្ជាក់ការត្រៀមលក្ខណៈរួចជាស្រេចរបស់ ប្រទេសបារាំង គាំទ្ររាល់គំនិតផ្តួចផ្តើមក្នុងគោលបំណងជំរុញដោះស្រាយជម្លោះដោយសន្តិវិធី ដោយ អនុលោមតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីឆ្លើយតបទៅនឹងការបង្ហាញឆន្ទៈរបស់ប្រទេសបារាំង ក្នុងការ ត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងករណីមានសំណើពីប្រទេសកម្ពុជា។

នៅក្នុងលិខិតនោះ ក្រៅពីការស្នើសុំឲ្យប្រទេសបារាំង ផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ សម្តេចបវរធីបតី ហ៊ុន ម៉ាណែត បានបង្ហាញជំនឿយ៉ាងមុតមាំថា ការបន្តចូលរួមចំណែករបស់បារាំងនឹងជួយដល់គោលបំណងរួម ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃ អាចរួមរស់ ជាមួយគ្នាក្នុងសន្តិភាព សន្តិសុខ ភាពជាអ្នកជិតខាងល្អ និងវិបុលភាព រួមទាំងសម្រាប់ប្រជាជនជំនាន់ក្រោយ៕

5
Promotion