បណ្ឌិត យង់ ពៅ លើកបីចំណុចសំខាន់ៗអំពីប្រវត្តិនយោបាយក្នុងទំនាក់ទំនងកម្ពុជា-ថៃ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសំណេរមួយលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែមិថុនានេះដោយលើកបីចំណុចធំៗទាក់ទងនឹងទំនាក់ទំនង កម្ពុជា-ថៃ។

លោកបណ្ឌិត យង់ ពៅ លើកឡើងថា៖ « ទំនាក់ទំនងកម្ពុជា-ថៃ ជា «ទំនាក់ទំនងស្រឡាញ់ស្អប់» រយៈពេលជាង៥០០ឆ្នាំមកហើយ នឹងបន្តទៅអនាគតបន្តទៀត។ ទំនាក់ទំនងស្រឡាញ់ស្អប់នេះកើតចេញពី៖

១. ឥរិយាបថច្រឡោងខាមជាតិសាសន៍ថៃ (បន្តពីសៀម) ដែលតែងតម្កើងខ្លួនឯងជាជាតិសាសន៍លើសគេក្នុងតំបន់

២. មេរៀនប្រវត្តិសាស្ត្រថៃ សម្រាប់វិស័យអប់រំ បានបំភ្លៃខុសការពិត នាំឱ្យជាតិសាសន៍នេះយល់ច្រឡំខ្លួនឯងធ្ងន់ធ្ងរ

៣. ប្រព័ន្ធដឹកនាំរដ្ឋស្មុគស្មាញ នាំទៅដល់ការបង្កើចរន្តនយោបាយជាតិនិយមជ្រុល ស្អប់ជាតិសាសន៍ក្បែរខាង។

លោក បណ្ឌិត យង់ ពៅ បញ្ជាក់ថា «ទាំងនេះបានបណ្ដុះមនសិការពួកគេ មិនឱ្យតម្លៃសច្ចភាពប្រវត្តិសាស្ត្រ មិនគោរពច្បាប់អន្តរជាតិ និងបានបង្កជម្លោះនៅតាមបណ្ដាព្រំដែន ក្នុងន័យពង្រីកទឹកដី»។

លោក បណ្ឌិត យង់ ពៅ សង្កត់ធ្ងន់ថា ការដែលកម្ពុជាសម្រេចចិត្តនយោបាយមួយចំនួនលើការនាំចូលប្រេងឥន្ធៈ និងទំនិញផ្សេងៗទៀតពីប្រទេសថៃ គួរតែរៀបបែបផែនសង្វាក់ផលិតកម្មថ្មី រឹងមាំ ដើម្បីធានានិរន្តរភាពជាតិ និងសេដ្ឋកិច្ចសម្រាប់ពេលអនាគត ព្រោះដូចបានលើកឡើងខាងលើ «ទំនាក់ទំនងស្រឡាញ់ស្អប់» នឹងបន្តទៅមុខទៀត៕

ដោយ៖ ផុន លីហ្សា