កាលពីថ្ងៃទី២-៥ ខែមីនា ឆ្នាំ២០២៦ឯកឧត្តមទេសរដ្ឋមន្តី កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា ចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សមាសភាពគណៈប្រតិភូអន្តរស្ថាប័នកម្ពុជា មន្ត្រីជាន់ខ្ពស់ គ.ស.ម.ក. ក្រសួងមហាផ្ទៃ អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល សមាជិក គ.ស.ម.ក. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមន្ត្រីបច្ចេកទេសកិច្ចការព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធចំនួន២៩ ដែលរួមមាន ប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកវិស័យសិទ្ធិនានា ដើម្បីបង្ហាញពីស្ថានភាពពិតជាក់ស្ដែង នៃព្រំដែនកម្ពុជា-ថៃ ដែលប៉ះពាល់ដល់សិទ្ធិមនុស្ស។
បន្ថែមលើនេះ បេសកកម្មនេះ ក៏ឆ្លុះបញ្ចាំងពីជំហរឥតងាកររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាព តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើកម្លាំងអាវុធ តាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ៕


