គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា ទាំង១២ប្រទេស នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំ ដោយសារការវាយប្រហារពីសំណាក់យោធាថៃ។
ក្រសួងការពារជាតិបានបញ្ជាក់ថា សកម្មភាពនៃវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
បើយោងតាមរយៈការកត់ត្រាចងក្រងពីការខូចខាតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឃើញថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ មាន ៥៦២កន្លែង ដែលប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕











