រោងភាពយន្ត Major Cineplex បានប្តូរទៅជា Sabay Cinema ដឹកនាំនិងគ្រប់គ្រងដោយកូនខ្មែរទាំងស្រុង ។ ពិធីសម្ពោធជាផ្លូវការនៃរោងភាពយន្ត Sabay បានធ្វើឡើងនៅសាលរោងភាពយន្ត Sabay ស្ថិតនៅជាន់ទីពីរនៃផ្សារទំនើបAEON Mall ភ្នំពេញ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីស្ថាប័នសារព័ត៌មានឈានមុខក្នុងស្រុក ថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកជំនាញវិស័យកម្សាន្ត និងភ្ញៀវកិត្តិយសនានា ។
ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងបន្ទាប់ពីការប្រកាសដកការវិនិយោគក្នុងតំបន់របស់ក្រុមហ៊ុន Major Cineplex Group នៅក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃការកែសម្រួលយុទ្ធសាស្រ្តវែងឆ្ងាយរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Sabay Digital Group បានសម្រេចចិត្តទិញយកភាគហ៊ុនទាំងមូលដែលធ្លាប់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Major Cineplex Group ដែលនាំឲ្យប្រតិបត្តិការអាជីវកម្មរោងភាពយន្ត និងប៊ូលីង ត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយជនជាតិខ្មែរ ទាំងស្រុង។ ការផ្លាស់ប្តូរនេះ មិនមែនត្រឹមតែជាការសម្រេចចិត្តអាជីវកម្មជាលក្ខណៈយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែវាជាការបោះជំហានដ៏មានអត្ថន័យដែលឈានឆ្ពោះទៅរកការពង្រឹងឧស្សាហកម្មវប្បធម៌ជាតិ និងកំណត់អនាគតនៃវិស័យភាពយន្តនិងការកម្សាន្តដែលឋិតក្នុងដៃរបស់ប្រជាជនកម្ពុជាយ៉ាងរឹងមាំ។
ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ ម៉ាកយីហោប៊ូលីង Blue-O ដែលមានស្រាប់នឹងត្រូវបានប្តូរទៅជា Sabay Rhythm & Bowl ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រុមហ៊ុន Sabay ក្នុងការបង្កើតការកម្សាន្តបែបទំនើបដែលពេញលេញដោយពង្រីកវិសាលភាពលើសពីខ្សែភាពយន្ត និងលើកកម្ពស់បែបផែននៃការរស់នៅ និងបទពិសោធន៍សង្គមសម្រាប់ទស្សនិក ជនគ្រប់ជំនាន់។ ប្រតិបត្តិការនៅតាមបណ្តាទីតាំងរោងភាពយន្តទាំងប្រាំមួយនឹងនៅតែបន្តដោយគ្មានផលរំខាន។
ទស្សនិកជននឹងទទួលបានបទពិសោធន៍នៃអត្តសញ្ញាណម៉ាក់យីហោថ្មី ស្តង់ដាសេវាកម្មដែលល្អប្រសើរជាងមុន និងយុទ្ធសាស្រ្តឈានឆ្ពោះទៅមុខដែលសំដៅពង្រឹងវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា។ Sabay នឹងទទួលខុសត្រូវរ៉ាប់រងទាំងស្រុងចំពោះបុគ្គលិក កន្លែងរោងភាពយន្តនិងប៊ូលីង សម្ភារៈ និងបច្ចេកវិទ្យា។

ក្នុងពិធីសម្ពោធជាផ្លូវការ លោក ជី សិលា ដែលជាម្ចាស់រោងភាពយន្ត Sabay បានគូសបញ្ជាក់ថា ៖ “ថ្ងៃនេះ គឺជាថ្ងៃដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព និងជាការចាប់ផ្តើមនៃដំណើររបស់រោងកុន Sabay ក្នុងការកសាងគ្រឹះដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា ខណៈពេលដែលយើងកំពុងលើកកម្ពស់ស្តង់ដានៃឧស្សាហកម្មភាពយន្ត និងកម្សាន្តរបស់ប្រទេស។”
ក្រោមការដឹកនាំរួមគ្នាតែមួយ រោងភាពយន្ត Sabay នឹងបន្តរីកចម្រើនជាមួយមហិច្ឆតាច្បាស់លាស់ពីររួមមាន៖ ពង្រឹង និងវិនិយោគទៅលើវិស័យភាពយន្ត និងកម្សាន្តរបស់ប្រទេសកម្ពុជា និងលើកកម្ពស់វិស័យកម្សាន្តជាតិតាមរយៈភាពរីកចម្រើនដោយចីរភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុន Sabay Digital Group គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឈានមុខគេមួយរបស់កម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ ២០០៧ ជាមួយនឹងប្រតិបត្តិការចម្រុះលើខ្លឹមសារឌីជីថល ការកម្សាន្ត និងអាជីវកម្មទាក់ទងនឹងបែបផែនជីវិតរស់នៅ។ ចាប់តាំងពីឆ្នាំ ២០១០ មក Sabay បានវិនិយោគយ៉ាងសកម្មនៅក្នុងឧស្សាហកម្មភាពយន្ត និងភាពយន្ត រួមទាំងការចែកចាយភាពយន្ត ការផលិត និងវិនិយោគភាពយន្តក្នុងស្រុក និងប្រតិបត្តិការភាពយន្ត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធវិស័យកម្សាន្តបែបទំនើបរបស់ប្រទេសកម្ពុជា៕


