ដំណឹងល្អផ្ទួនៗ! អន្លង់ផ្សោតកាំពីស្វាគមន៍កំណើតកូនផ្សោតទី២ ស្របពេលបុណ្យទន្លេលើកទី១០ នឹងធ្វើឡើងក្នុងខេត្តក្រចេះ!

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជាគោលការណ៍ក្នុងការប្រារព្ធ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នានេះ កូនផ្សោតទើបកើតថ្មី ១ក្បាលដែលមានអាយុប្រមាណជា ២ថ្ងៃ ត្រូវបានប្រទះឃើញនៅវេលា​ម៉ោង ៩:៥០នាទីព្រឹក នាថ្ងៃទី៥ ខែ​មីនា ឆ្នាំ​២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ ​និង​ក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ នៅត្រង់ចំណុចអន្លង់ អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះមានសុខភាពល្អ និងស្ថិតក្នុងក្រុមផ្សោតធំដែលមានចំនួនប្រាំពីរក្បាល​ក្នុងនោះនៅជាមួយផ្សោតពេញវ័យ លេខ៨១។ នេះជាកូនផ្សោតកើតថ្មីទី២ហើយ នៅក្នុងឆ្នាំ២០២៦នេះ ខណៈកូនផ្សោតទី១ ត្រូវបានអង្កេត និងថតរូបបានកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។ តាមរយៈកំណើតកូនផ្សោតថ្មីនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៤ក្បាល។

ជាការកត់សម្គាល់ វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កាំពីនេះ កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលគណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ បើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។ កិច្ចប្រជុំដែលរៀបចំធ្វើនៅក្រុងក្រចេះនេះ នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ពិនិត្យឡើងវិញនូវលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិគ្រោះយោបល់ ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគត ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់កម្ពុជា និងជាដង្ហើមនៃទន្លេមេគង្គ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់៕

5
Promotion