ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។
ក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៦ ខែមីនានេះ ក្រសួងអប់រំ យុវជន និងកីឡាចាត់ទុកថា សកម្មភាពថតវីដេអូ និងការប្រើពាក្យសម្តីមិនសមរម្យរបស់បុគ្គលមួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស មន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារឿយៗ ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។
ក្រសួងមិនអាចទទួលយកបានជាដាច់ខាតនូវសកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់គ្រូបង្រៀន។ ក្នុងន័យនេះ ក្រសួងស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយបន្ត សូមលុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម។ ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់សាធារណជន ទាំងអស់ សូមចៀសវាងនូវរាល់សកម្មភាពណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកគូ លោកគ្រូ និងមន្ត្រីអប់រំ។
ក្នុងករណីដែលមានសកម្មភាពដូចនេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ គ្រូបង្រៀន ជាពិសេសសកម្មភាពអសីលធម៌នៅក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ជា
ធរមាន។ នេះជាការបញ្ជាក់បន្ថែមក្នុងក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំ។
គួរឱ្យដឹងថា ករណីខាងលើ គឺកើតចេញពីអ្នកគ្រូបង្រៀនម្នាក់បានខមិនពាក្យ “ជ្រេញ” នៅក្នុងផុសអ្នកល្បីម្នាក់ ដែលមានបណ្តាញសង្គមឈ្មោះ លី បូណា។ បុរសរូបនេះ កើតទុក្ខមិនសុខចិត្ត ខឹងសម្បារជាខ្លាំង រហូតបានទៅរករឿងគ្រូបង្រៀនរូបនោះដល់សាលារៀន ដោយសារអ្នកគ្រូ ហ៊ានប្រើពាក្យថា ជ្រេញ មកកាន់ខ្លួន ។
មានមតិលើកឡើងដែរថា ក្នុងបរិវេណសាលា ពុំត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់មកឈរដៀលត្មេះគ្រូបង្រៀនដល់មុខថ្នាក់ឡើយ បើជារឿងរវាងបុគ្គលនិងគ្រូ ដែលមិនទាក់នឹងការងាររដ្ឋបាលសាលា គួរនាំគ្នាដោះស្រាយចេញឱ្យឆ្ងាយពីគ្រឹះស្ថានសិក្សាសាធារណៈ៕



