កម្ពុជា ផ្អាកបញ្ជូននិស្សិតនិងពលករទៅតំបន់មជ្ឈិមបូព៌ា ដើម្បីសុវត្ថិភាព

ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិក បានរួមគ្នាបើកការវាយប្រហារតាមផ្លូវអាកាសប្រឆាំងអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ កន្លង ទៅ ការប្រយុទ្ធគ្នាដោយសព្វាវុធទំនើបៗដូចជា មីស៊ីល និងដ្រូន បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ និងកំពុងបង្កជាក្តីបារម្ភសម្រាប់ពិភពលោក។

ជាមួយនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតាមដានគិតគូរពីសុវត្ថិភាពប្រជាជនកម្ពុជានៅតំបន់ដែលផ្ទុះសង្គ្រាម និងផ្អាកការបញ្ជូននិស្សិត ឬពលករទៅធ្វើការ ឬទៅសិក្សានៅប្រទេសអ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលទៅរកសភាពស្ងប់ស្ងាត់ឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានតាមដានយ៉ាង​យកចិត្តទុកដាក់ ចំពោះស្ថានភាពនៅមជ្ឈិមបូព៌ាជាពិសេស ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សាឬធ្វើការនៅទីនោះ។ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ សម្តេចបវរធិបតី បានណែនាំឱ្យផ្អាកការបញ្ជូននិស្សិត ឬពលករទៅធ្វើការ ឬទៅសិក្សានៅប្រទេសអ៊ីស្រាអែល និងនៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលទៅរកសភាពស្ងប់ស្ងាត់ឡើងវិញ។

បច្ចុប្បន្ន មាននិស្សិតនិងប្រជាពលរដ្ឋខ្មែរប្រមាណ ៤៨៧នាក់ កំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ា ក្នុងនោះជាង ២៨០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល។ ពួកគេស្ថិតក្រោមការតាមដានដោយយកចិត្តទុកដាក់ពីមន្រ្តីទូត និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត តាមរយៈប្រព័ន្ធទំនាក់ទំនង និងសម្របសម្រួលជាប្រចាំ ហើយត្រៀមអន្តរាគមន៍ក្នុងករណីចាំបាច់ដោយគិតគូរពីសុវត្ថិភាពរបស់ពួកគេជាចម្បង។

ឯកឧត្តម ប៉ែន បូណា បានបន្តថា នៅក្នុងប្រទេសឯណេះវិញ រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ចំពោះផលប៉ះពាល់ពីសង្គ្រាមមជ្ឈិមបូព៌ាមកលើប្រជាពលរដ្ឋដែរ។ ជាក់ស្តែង ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ឱ្យអនុវត្តតាមស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈជាទូទៅបានអនុវត្ត និងគ្រប់គ្រង​ហានិភ័យល្អដូចកាលពីពេលកន្លងទៅ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏លើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមអនុវត្ត និងយោគយល់ចំពោះស្ថានីយលក់ប្រេងឥន្ធនៈ ដែលបានខិតខំប្រឹងប្រែងគ្រប់គ្រងហានិភ័យ និងចូលរួមសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ ព្រមទាំងចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ដែលអាចបង្កឱ្យមានហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងន័យនេះ មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែនិងថាមពល បាននិងកំពុងបន្តចុះតាមដានត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់ និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់ តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕

5
Promotion