ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី១កន្លែង ដែលក្មេងៗសិស្សសាលាមួយចំនួនប្រសិទ្ធនាមថា ជាផ្ទះអាថ៌កំបាំង ស្ថិតនៅចំណុចផ្ទះលេខ៥២ ផ្លូវលេខ១៧២ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី មានម្ចាស់ឈ្មោះ តាំង សុខហេង ភេទប្រុស អាយុ ៥៨ឆ្នាំ ។ ក្នុងប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់យកវត្ថុតាង រួមមាន៖ ម៉ាស៊ីនជក់ចម្រុះម៉ាក ចំនួន ២៦៨,៥០៤ ម៉ាស៊ីន, ក្បាលជក់ចម្រុះម៉ាក ចំនួន ៦៩៦១៥ក្បាល,ទឹកVape (វេប) ចំនួន៧៩២ដប និងម៉ាស៊ីនកិនកញ្ឆា ចំនួន៤៤៣ម៉ាស៊ីន ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់និងបង្ក្រាបជាច្រើនកន្លែងមកហើយ។
គួរបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់បទបញ្ជា ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ៕











