រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ មន្ត្រីជំនាញបានចាត់វិធានការស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលឆ្លៀតឱកាសដំឡើងថ្លៃហួសហេតុ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានឱ្យដឹងថា នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៦ មន្រ្តីនៃនាយកដ្ឋានកិច្ចការបច្ចេកទេសនិងមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីសាខា ក.ប.ប. រាជធានី ខេត្ត បានបន្តសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីររ៉ែនិងថាមពល ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ធ្វើការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ ពិនិត្យគុណភាព និងបរិមាណ នៅតាមបណ្ដាស្ថានីយ/ដេប៉ូ ក្នុងគោលបំណងធានាការលក់និងជំរុញឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេសនិងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី ពិសេសគោរពឱ្យបានតាមតាមសេចក្ដីជូនដំណឹងស្ដីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម។ 

ជាមួយនោះ មន្រ្តីជំនាញបានចុះដល់គោលដៅដែលសាធារណៈជនបានផ្តល់ព័ត៌មានអំពីការលក់ដំឡើងថ្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួង ដែលមានទីតាំងនៅស្រុកកំរៀង ខេត្តបាត់ដំបង , ស្រុករុនតាឯក ខេត្តសៀមរាប ស្រុកសំបូរ ខេត្តក្រចេះ , ស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ជាលទ្ធផលដេប៉ូចែកចាយទាំងនោះ បានបិទទ្វា និងផ្អាកអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន។ ចំពោះស្ថានីយ/ដេប៉ូ ដែលអះអាងដោយទុច្ចរិតថាអស់ស្តុកចែកចាយ មន្រ្តីជំនាញនឹងអនុវត្តការផ្ទៀងផ្ទាត់ភាពអនុលោមដើម្បីដាក់ចេញវិធានការតាមនីតិវិធី។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលជួបប្រទះនូវភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងបរិមាណ គុណភាព ឬការដំឡើងថ្លៃលក់លើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម សូមផ្ដល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈទូរសព្ទសាធារណៈក្រសួងពាណិជ្ជកម្មលេខ ១២៦៦ ឬ លេខទូរស័ព្ទ ០២៣ ២៣១ ៨៥៦ ឬទូរស័ព្ទដៃលេខ ០១២ ៩២៥ ៣១៧ , ០១២ ៨៧៥ ៩៨៩ , ០១២ ៨២៤ ៩៤៨ ។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នឹងអនុវត្តនូវវិធានការតាមនីតិវិធីនៃច្បាប់ជាធរមានចំពោះស្ថានីយណា ដែលបានប្រព្រឹត្តនូវអំពើមិនសុចរិត  និងលក់ប្រេងឥន្ធនៈដំឡើងថ្លៃខុសពីសេចក្ដីជូនដំណឹងស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ លេខ ០៦៨៦ ព.ណ.អវឯ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម។ នេះបើតាមការបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៕

5
Promotion