រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រគល់ផ្ទះចំនួន២០៣ខ្នង ជូនគ្រួសារភៀសសឹក ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ស្នាក់នៅបណ្តោះអាសន្ន កាលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ។
ការប្រគល់ផ្ទះនេះ មានរៀបចំពិធីចាប់ឆ្នោតបែងចែកផ្ទះ ដោយផ្ទាល់ដៃពីសំណាក់សាមីខ្លួន ដើម្បីកំណត់យកលេខផ្ទះ និងទីតាំងជាក់ស្តែង សំដៅធានាបាននូវយុត្តិធម៌ និងតម្លាភាព ។ ផ្ទះទាំង២០៣ខ្នងនេះ បានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេស រឹងមាំ និងមានរៀបចំជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៩ មីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកសរុបជិត ៩៣% ហើយដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជាង ៤ម៉ឺន ៥ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយទេ។ ពួកគេទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលទាំងលើជីវភាពរស់នៅ បរិស្ថាន និងសុខុមាលភាព។
ជាក់ស្តែង ពួកគេបានទទួលជាបណ្តើរៗនូវជម្រកបណ្តោះអាសន្នដែលមានលក្ខណៈសមរម្យ ដើម្បីស្នាក់នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមមធ្យោបាយការទូត ដើម្បីកំណត់ខណ្ឌសីម៉ាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យពួកគេវិលទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ៕





