លោក ទៀ ស្យាម ស្នើឱ្យអតិថិជនរាយការណ៍ បើជួបស្ថានីយប្រេង​ឥន្ធនៈPEACEណាមួយ លក់លើសតម្លៃដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម

នៅលើបណ្តាញសង្គម នាថ្ងៃទី០៨ មីនា ឆ្នាំ២០២៦នេះ លោក ទៀ ស្យាម ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន “PEACE Petroleum (Cambodia)” ស្នើឱ្យអតិថិជនរាយការណ៍មកកាន់ក្រុមហ៊ុនប្រសិនបើមានស្ថានីយណាមួយធ្វើការលក់ប្រេង លើសតម្លៃដែលបានកំណត់ ដើម្បីក្រុមហ៊ុននឹងធ្វើការពិនិត្យ និងចាត់វិធានការ និងសហការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង។

ការស្នើរបស់លោក ទៀ ស្យាម បែបនេះធ្វឡើងបន្ទាប់ពីស្ថានីយប្រេងឥន្ទន: PEACE មួយកន្លែងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវរងពិន័យជាប្រាក់៤លានរៀល ដោយសារលើសតម្លៃ ល្មើសនឹងសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។

លោក ទៀ ស្យាម បានបញ្ជាក់ថា គ្រប់បណ្តាស្ថានីយភីស បានបន្តរក្សាតម្លៃប្រេងដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថាប្រជាពលរដ្ឋទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ក្នុងពិធីបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែនិងថាមពល ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមដានឱ្យបានជាប់លាប់រឿងតម្លៃប្រេងឥន្ធនៈនិងបានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈនានា កុំដំឡើងថ្លៃ។

ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងពាណិជ្ជករជាច្រើនបានផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាបណ្តោះអាសន្ន ក្រោយអ៊ីរ៉ង់ប្រកាសបិទនាវាចរណ៍ទាំងស្រុង ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ ស្ថានភាពនេះ អាចធ្វើឲ្យប្រទេសដែលផលិតប្រេង បិទការនាំចេញជាបណ្តោះអាសន្ន នាំឲ្យមានការខ្វះខាតនៅលើពិភពលោក៕

5
Promotion