តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សិង្ហបុរី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១០ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
បើយោងតាមសេចក្តិប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត វីរៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី។

កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរនឹងផ្តោតលើការ ជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងកក់ក្តៅ តាមរយៈការស្វែងរកវិស័យថ្មីៗដែលមានសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងលើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ។
ទស្សនកិច្ចផ្លូវការនេះបញ្ជាក់យ៉ាងមុតមាំអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរ ហើយបង្ហាញអំពីការប្តេជ្ញាចិត្តរួម និងទស្សនវិស័យឆ្ពោះទៅមុខ សំដៅលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់ កម្រិតថ្មី ដោយប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូល្អក្នុងការចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែងនៅក្នុងតំបន់៕
