កម្ពុជា ស្នើឱ្យកូរ៉េពិនិត្យឡើងវិញពីលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ យកមកឈ្លានពានកម្ពុជា

ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ជាមួយ ឯកឧត្តម យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺប្រទេសប្រទេសកូរ៉េខាងត្បូង ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន។

ឯកឧត្តម ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ ទោះជាយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាបដិសេធដាច់អហង្ការចំពោះរាល់សកម្មភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។ ក្នុងន័យនេះ ឯកឧត្តមបានស្នើឱ្យរដ្ឋាភិបាលកូរ៉េពិនិត្យឱ្យបានហ្មត់ចត់លើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យភាគីថៃ ដើម្បីកុំឱ្យអាវុធទាំងនោះក្លាយជាឧបករណ៍នៃការឈ្លានពាន និងដើម្បីរួមចំណែករក្សាសន្តិភាពក្នុងតំបន់។

គួរបញ្ជាក់ថា ក្នុងសង្គ្រាម ២១ថ្ងៃ នៅខែធ្នូ ឆ្នាំ២០២៥ យោធាបានថៃប្រើអាវុធវាយប្រហារយ៉ាងព្រៃផ្សៃលើដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង។

ថៃបានប្រើយន្តហោះចម្បាំង T-50 របស់កូរ៉េខាងត្បូង បានទម្លាក់គ្រាប់បែកចូលជ្រៅហួសពីខ្មែរបន្ទាត់ព្រំដែន នៅក្នុងភូមិស្ថានស៊ីវិលខេត្តបាត់ដំបង ដែលជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

កងទ័ពអាកាសថៃបានទិញយន្តហោះចម្បាំងម៉ាក T-50TH ដែលផលិតនៅកូរ៉េចំនួន ១៤គ្រឿង ក្នុងតម្លៃ ៧៨ លានដុល្លារអាម៉េរិក ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនផលិតកូរ៉េខាងត្បូង Korea Aerospace Industries Co (KAI) និងថៃ ។ T-50 ជាប្រភេទយន្តហោះយោធាដែលបម្រើសម្រាប់ការហ្វឹកហាត់ធម្មតា ប៉ុន្តែអាចទម្លាក់គ្រាប់បែកដូចយន្តហោះចម្បាំងផងដែរ។ នេះបើតាមរបាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍កាលពីដើមខែសីហា ឆ្នាំ២០២១៕

5
Promotion